រដ្ឋាភិបាលជ្រើសរើសយកខេត្តតាកែវ សម្រាប់ប្រារពពិធី “រុក្ខទិវា”៩ ខែកក្កដា

ដោយៈ គង់ ម៉ាលីនណា
តាកែវៈ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៨ មិថុនា បានអញ្ជើញចុះពិនិត្យទីតាំងរៀបចំប្រារព្ធពិធី “រុក្ខទិវា” ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤។

ពិធីនេះ នឹងរៀបចំឡើងនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ស្ថិតក្នុងភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ពិធី រុក្ខទិវា៩ កក្កដា ឆ្នាំនេះ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងដាំដើមឈើប្រណិត ដែលមានចំនួនសរុបទាំងអស់៩.៩៩៩ដើម នៅលើផ្ទៃដី ៣០ហិកតា។

ខេត្តតាកែវ ធ្លាប់ធ្វើជាម្ចាស់ផ្ទះរៀបចំពិធីរុក្ខទិវា ៩ កក្កដា ថ្នាក់ជាតិ ចំនួន៤លើករួចមកហើយ ក្នុងនោះលើកទី១ រៀបចំនៅឆ្នាំ១៩៩៣ នៅឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាមភ្នំតាម៉ៅ, លើកទី២ ក្នុងឆ្នាំ២០០៨ នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ, លើកទី៣ ក្នុងឆ្នាំ២០១៤ នៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាមភ្នំតាម៉ៅ និងលើកទី៤ ក្នុងឆ្នាំ២០២៤នេះ នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ៕