ទីភ្នាក់ងារ IEA ព្រមានថា ការផ្គត់ផ្គង់ប្រេងនឹងកើនឡើងលើសតម្រូវការជាក់ស្តែងនៅឆ្នាំ២០៣០

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្រមានថា ពិភពលោកអាចនឹងប្រឈមមុខ ជាមួយការផ្គត់ផ្គង់ប្រេងលើសពីតម្រូវការក្នុងទ្រង់ទ្រាយធំ នៅឆ្នាំ២០៣០ខាងមុខ ខណៈការងាកទៅប្រើប្រាស់ថាមពលស្អាត បានធ្វើឱ្យតម្រូវការប្រេងធ្លាក់ចុះ។

ទីភ្នាក់ងារ IEA បានគូសបញ្ជាក់ពីការព្យាករណ៍ នៅក្នុងរបាយការណ៍របស់ខ្លួនថា “តម្រូវការប្រេងសកល នឹងស្ថិតនៅទ្រឹងត្រឹម១០៦លានបារ៉ែលក្នុងមួយថ្ងៃ នៅចុងទសវត្សរ៍នេះ ខណៈសមត្ថភាពនៃការផ្គត់ផ្គង់ប្រេងសរុប អាចកើនឡើងដល់ ១១៤លានបារ៉ែល ក្នុងមួយថ្ងៃ ដែលការណ៍នេះមានន័យថា ការផ្គត់ផ្គង់នឹងមានអត្រាលើសពីតម្រូវការចំនួន៨លានបារ៉ែលក្នុងមួយថ្ងៃ”។

របាយការណ៍នៃការព្យាករណ៍ខាងលើនេះ ត្រូវបានចេញផ្សាយត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីអង្គការបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) បានផ្តល់សញ្ញាថា ខ្លួននឹងបន្តអនុវត្តន៍ការកាត់បន្ថយការផលិតប្រេង រហូតដល់ឆ្នាំ២០២៥ ដើម្បីជំរុញតម្លៃប្រេង ខណៈតម្រូវការកំពុងធ្លាក់ចុះនាពេលថ្មីៗនេះ។

ក្នុងរបាយការណ៍ដដែល ទីភ្នាក់ងារ IEA បានកត់សម្គាល់ថា កាលពីឆ្នាំ២០២៣ បណ្តាប្រទេសនៅតំបន់អាស៊ី ដែលកំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សដូចជាប្រទេសចិន គួបផ្សំនឹងវិស័យអាកាសចរណ៍ និងគីមីឥន្ធនៈ បានជំរុញឱ្យតម្រូវការប្រេង មានកម្រិតជាង១០២លានបារ៉ែលក្នុងមួយថ្ងៃ។

យ៉ាងណាមិញ ការងាកទៅប្រើប្រាស់រថយន្តអគ្គិសនី រួមជាមួយនឹងការកើនឡើង នៃប្រសិទ្ធភាពថាមពល សម្រាប់រថយន្តធម្មតា និងការធ្លាក់ចុះ នៃការប្រើប្រាស់ប្រេងនៅតំបន់មជ្ឈិមបូព៌ា សម្រាប់ការផលិតអគ្គិសនី នឹងធ្វើឱ្យកំណើនតម្រូវការប្រេងសកលធ្លាក់ចុះ។

លើសពីនេះ សមត្ថភាពនៃការផលិតប្រេង ហាក់កំពុងកើនឡើង ដែលនាំមុខ ដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសដទៃទៀតនៅទ្វីបអាមេរិក ដែលការណ៍នេះ នឹងជំរុញឱ្យការផ្គត់ផ្គង់ប្រេងកើនឡើងលើសពីតម្រូវការ ដែលអាចជះផលវិបាកយ៉ាងធ្ងន់ធ្ងរ សម្រាប់ទីផ្សារប្រេង និងសេដ្ឋកិច្ចរបស់បណ្តាប្រទេសសមាជិកអង្គការ OPEC ក៏ដូចជាឧស្សាហកម្មទាញប្រេងរបស់សហរដ្ឋអាមេរិកផងដែរ៕ប្រភព:CNBC ៕