ដោយ: គង់ លាងហួរ
អន្តរជាតិ: ការលក់ផ្ទះដែលទើបសាងសង់ថ្មីនៅទីក្រុងហុងកុងបានដាំក្បាលចុះអស់ប្រមាណ៤៦%ក្នុងខែឧសភាបើធៀបនឹងមេសា ទោះបីជាអ្នកអភិវឌ្ឍន៍បានខិតខំផ្តល់ការបញ្ចុះតម្លៃអាផាតមុិនដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកទិញយ៉ាងណាក្តី។
ការធ្លាក់ចុះយ៉ាងគំហុកនេះសរបញ្ជាក់ឱ្យឃើញពីបញ្ហាប្រឈមដែលទីផ្សារលំនៅដ្ឋានហុងកុងកំពុងជួបប្រទះ។ ប៉ុន្តែ ការលក់ផ្ទះនៅក្នុងខែមីនាបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៣ឆ្នាំ បន្ទាប់ពីរដ្ឋបាលហុងកុងបានលុបចោលរាល់ការទប់ស្កាត់ការទិញដើម្បីជួយស្រោចស្រង់វិស័យនេះ។
លោក Sam Wong អ្នកវិភាគភាគហ៊ុននៅធនាគារវិនិយោគអាមេរិក Jefferies បានមានប្រសាសន៍ឱ្យដឹងថា “អ្នកទិញកំពុងដកខ្លួនចេញ ស្របពេលដែលអត្រាការប្រាក់នៅតែមានកម្រិតខ្ពស់យូរជាងការរំពឹងទុក”។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយសារពត៌មាន Bloomberg ។
លោកបានមានប្រសាសន៍ឱ្យដឹងបន្តថា “មនុស្សគ្រប់គ្នារំពឹងថា សន្ទុះនឹងថយចុះ។ អ្នកអភិវឌ្ឍន៍មិនអាចទទួលបានប្រាក់ចំណូលពីការលក់ផ្ទះ ដែលមានទំហំទឹកប្រាក់សរុបចំនួន១០ពាន់លានដុល្លារហុងកុង (១,២៨ពាន់លានដុល្លារអាមេរិក) រៀងរាល់សប្តាហ៍ ជារៀងរហូតនោះទេ”។
លោក Wong បានបន្ថែមថា ស្ថានភាពសេដ្ឋកិច្ច និងការបន្ទាបចក្ខុវិស័យនៃកំណើនប្រាក់បៀវត្សរ៍កំពុងរារាំងអ្នកទិញ និងធ្វើឱ្យតម្លៃផ្ទះធ្លាក់ចុះ។ លោករំពឹងថាតម្លៃលំនៅដ្ឋាននៅទីក្រុងហុងកុងនឹងថយចុះក្នុងឆមាសទី២ ឆ្នាំ២០២៤នេះ។
អត្រាការប្រាក់លើប្រាក់កម្ចីទិញផ្ទះជាមធ្យមនៅក្នុងទីក្រុងហុងកុងស្ថិតក្នុងរង្វង់៤,១៦ភាគរយនៅក្នុងខែមីនា ដែលកើនឡើងជាង២ដង បើអត្រា១,៧២ភាគរយកាលពី២ឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនផ្តល់សេវាកម្មកម្ចីទិញផ្ទះ mReferral។
ការផ្គត់ផ្គង់ផ្ទះឯកជននៅទីក្រុងហុងកុងត្រូវបានគេរំពឹងថា នឹងមានចំនួនប្រហែល១៩.០០០យូនីតជារៀងរាល់ឆ្នាំនៅចន្លោះឆ្នាំ២០២៣ដល់ឆ្នាំ២០២៧ បើធៀបនឹងការផ្គត់ផ្គង់ត្រឹមតែ៩.៩០០យូនីតក្នុងមួយឆ្នាំ នៅចន្លោះពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២។នេះបើយោងតាមទិន្នន័យពីស្ថាប័នOur Hong Kong Foundation៕ប្រភព: Bloomberg៕