តើកំណើននៃការនាំចូលដែកជាសញ្ញាវិជ្ជមានក្នុងវិស័យសំណង់នៅកម្ពុជា?

ដោយៈ គង់ សូរិយា
ភ្នំពេញៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានរាយការណ៍កាលពីពេលថ្មីៗនេះថា ប្រទេសកម្ពុជាបាននាំចូលដែក និងដែកថែប ក្នុងទំហំទឹកប្រាក់ជិត១៦៨លានដុល្លារអាមេរិក ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ ២០២៤។

ស្ថិតិនៃការនាំចូលចុងក្រោយ បានបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់៣០,៦ភាគរយ ធៀបនឹង១២៩លានដុល្លារ ដែលបានកត់ត្រាក្នុងអំឡុងពេលដូចគ្នា រយៈពេលបួនខែ នៃឆ្នាំ២០២៣។
ទិន្នន័យបង្ហាញថា វិស័យសំណង់ និងអចលនទ្រព្យក្នុងស្រុកកំពុងស្ទុះងើបឡើងវិញ វិស័យនេះបានជួបប្រទះ ការធ្លាក់ចុះដំណើរការយ៉ាងខ្លាំងកាលពីឆ្នាំមុន។

ផលិតផលដែក និងដែកថែប ក៏បានឃើញការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំនេះ ដែលឈានដល់ចំនួន ២២៤,៨១ លានដុល្លារ។ នេះបង្ហាញពីការកើនឡើង៤៥,៤ ភាគរយនៃផលិតផលដែក និងដែកថែបធៀបនឹង១៥៤លានដុល្លារ ដែលបាននាំចូល ក្នុងអំឡុងពេលដូចគ្នាក្នុងឆ្នាំ២០២៣។

លើសពីនេះទៀតក្នុងរយៈពេល៤ខែ នៃដំបូងនៃឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានរាយការណ៍ថា កម្ពុជាក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ នៃការនាំចូលស៊ីម៉ងត៍ ដោយបាននាំចូលស៊ីម៉ងត៍ពីបរទេស ក្នុងទំហំទឹកប្រាក់៥,៣២លានដុល្លារ ដែលឆ្លុះបញ្ចាំងពីការកើនឡើង១៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

ពេញមួយឆ្នាំ២០២៣ កម្ពុជាបាននាំចូលដែក និងដែកថែប ក្នុងទំហំទឹកប្រាក់ ៣៧២,៤៧ លានដុល្លារ កើនឡើងជាង ៣,៥ ភាគរយ បើធៀបនឹងឆ្នាំ២០២២ ដែលក្នុងនោះការនាំចូលវត្ថុធាតុដើមសរុបមានចំនួន ៣៥៩,៨២ លានដុល្លារ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។

តួលេខនេះតំណាងឱ្យ១,៥ភាគរយ នៃការនាំចូលសរុបរបស់ប្រទេសកម្ពុជា កាលពីឆ្នាំមុនដែលមានចំនួន ២៤,១៨ ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២៣។ ការនាំចូលដែក និងដែកថែបភាគច្រើន របស់ប្រទេសកម្ពុជាមកពីប្រទេសជាដៃគូពាណិជ្ជកម្មក្បែរខាង ដែលមានដូចជា វៀតណាម ចិន និងថៃ។ ទោះយ៉ាងណាក៏ដោយ រោងចក្រដែកក្នុងស្រុកមួយចំនួនក៏កំពុងដំណើរការនៅខេត្តបន្ទាយមានជ័យ និងកំពង់ស្ពឺដែរ។

កាលពីខែតុលា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានផ្តល់វិញ្ញាបនបត្រ នៃការចុះឈ្មោះដល់ក្រុមហ៊ុន Huale Steel (Cambodia) Co., Ltd. សម្រាប់ការបើករោងចក្រ ដែលមានទំហំទឹកប្រាក់ ៤០លានដុល្លារ ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ (SSEZ)។

ទន្ទឹមនឹងនេះ កម្ពុជាបច្ចុប្បន្នមានរោងចក្រ ផលិតស៊ីម៉ងត៍ចំនួន ៥ ដែលមានសមត្ថភាពផលិតរួមគ្នា ប្រមាណ៩លានតោនក្នុងមួយឆ្នាំ។
របាយការណ៍បង្ហាញពីកំណើន នៃតម្រូវការសម្ភារៈសំណង់នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះបញ្ជាក់ថា វិស័យសំណង់ និងការអភិវឌ្ឍកំពុងងើបឡើងវិញនៅឆ្នាំនេះ បន្ទាប់ពីឆ្នាំ២០២៣ ដែលមានភាពយឺតយ៉ាវនៅក្នុងគម្រោងសាងសង់ថ្មី។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ‘ទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ច និងធនាគារឆ្នាំ២០២៣ និងទស្សនវិស័យឆ្នាំ២០២៤’ ដែលចេញផ្សាយក្នុងខែមករា បានឱ្យដឹងថា វិស័យសំណង់នៅឆ្នាំ២០២៣ បានកើនឡើងក្នុងល្បឿនយឺត១,១ភាគរយ សម្រាប់ឆ្នាំនេះ បើទោះបីជាកំណើនលើសពី០,៥ ភាគរយ ដែលបានបង្ហាញនៅឆ្នាំ២០២២។

ធនាគារជាតិនៃកម្ពុជា បានចាត់ទុកការកើនឡើងនៃវិស័យសំណង់នៅឆ្នាំ២០២៣ ភាគច្រើនជាសកម្មភាព របស់វិស័យសាធារណៈ ជាជាងការវិនិយោគសំណង់ឯកជន ដោយលើកឡើងពីការអភិវឌ្ឍន៍ជាបន្តនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជាស្ពាន អាកាសយានដ្ឋាន និងផ្លូវល្បឿនលឿន។

ដោយបង្ហាញពីនិន្នាការកើនឡើង សម្រាប់ឆ្នាំ២០២៤ របាយការណ៍បានបញ្ជាក់ថាផ្ទៃដី និងតម្លៃនៃគម្រោងសាងសង់ដែលត្រូវបានអនុម័តបានកើនឡើង គួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៣ បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ រួមទាំងគម្រោងសាងសង់លំនៅដ្ឋាន និងសំណង់សាធារណៈ ដែលត្រូវបានអនុម័តសម្រាប់ការវិនិយោគ។

នេះអាចបង្ហាញពីលំហូរ នៃវិស័យសំណង់ ដ៏មានសក្ដានុពល ដោយសារការវិនិយោគ នៅក្នុងការអភិវឌ្ឍន៍ថ្មីទ្រង់ទ្រាយធំទាំងនេះបានលេចចេញជារូបរាង នៅដើមខែនៃឆ្នាំ២០២៤ ហើយដែលនេះមានភាពទាក់ទងគ្នា នឹងការកើនឡើងនៃតម្រូវការសម្ភារៈសំណង់។

របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានព្យាករណ៍ថា នៅឆ្នាំ២០២៤ វិស័យសំណង់ និងអចលនទ្រព្យ នៅកម្ពុជាត្រូវបានព្យាករណ៍ថានឹងបន្តរីកចម្រើន គាំទ្រដោយគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាធារណៈរួមបញ្ចូលគ្នា ដូចករណីនៅឆ្នាំ២០២៣។

ធនាគារកណ្តាលក៏បានព្យាករណ៍ ពីការស្ទុះងើបឡើងវិញបន្តិចម្តងៗ នៃតម្រូវការក្នុងស្រុកក្នុងឆ្នាំនេះ ផ្តោតលើលំនៅដ្ឋានដែលមានតម្លៃសមរម្យសម្រាប់ការប្រើប្រាស់ក្នុងស្រុក។

ទោះជាយ៉ាងណាក៏ដោយ ធនាគារជាតិនៃកម្ពុជា បានព្យាករណ៍ថា តម្រូវការសម្រាប់សេវាកម្មសំណង់ប្រណីត សម្រាប់អ្នកវិនិយោគបរទេស (non-resident investors) ត្រូវបានគេរំពឹងថា នឹងនៅតែមានភាពទន់ខ្សោយនៅឆ្នាំ២០២៤ បើប្រៀបធៀបទៅនឹងរយៈពេលមុនកូវីដ៕