ដោយៈ និស្ស័យ
ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានបើកសម្ភោធស្ថានតំណាងថ្មីប្រចាំកម្ពុជា ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី។
ស្ថានតំណាងថ្មីនេះ មានទីតាំងក្នុងអគាវឌ្ឍនៈកាពីតាល ជាន់ទី១០ រាជធានីភ្នំពេញ។
ថ្លែងក្នុងឱកាសនោះ លោក Masatsugu Asakawa បានឲ្យដឹងថា ថ្ងៃនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលយើងជួបជុំគ្នាដើម្បីសម្ពោធ ស្ថានតំណាងថ្មីរបស់ធនាគារ អភិវឌ្ឍន៍អាស៊ី នៅចំកណ្តាលរាជធានីភ្នំពេញ។
លោកបញ្ជាក់ថា “ឱកាសនេះ មិនមែនគ្រាន់តែជា ការប្រារព្ធពិធី សម្ពោធការិយាល័យថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាការរំលេចនូវចំណងភាពជាដៃគូស៊ីជម្រៅ និងគោលដៅអភិវឌ្ឍន៍រួមរបស់ ADB ជាមួយកម្ពុជា”។
ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី បានបន្ថែមទៀតថា ភាពជាដៃគូរបស់ADB ជាមួយកម្ពុជា ត្រូវបានកំណត់ដោយ កិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងការគោរពគ្នាទៅវិញទៅមក។ ADB បានគាំទ្រដល់ការ អភិវឌ្ឍរបស់កម្ពុជា ជាច្រើនទសវត្សរ៍កន្លងមកនេះ។ កិច្ចខិតខំប្រឹងប្រែងរបស់យើង គ្របដណ្តប់លើវិស័យជាច្រើន ដោយផ្តោតលើការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធជនបទ ការអប់រំ កសិកម្ម និងសេវាសុខាភិបាល ដែលការងារនេះ មានគោលបំណងលើកកម្ពស់ជីវិត និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា។
បន្ថែមពីនោះទៀត លោកបានបញ្ជាក់ថា ការបើកស្ថានតំណាងថ្មីនេះ ស្របពេលជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្រ ភាពជាដៃគូ ប្រចាំប្រទេសថ្មីរបស់ ADB សម្រាប់ឆ្នាំ ២០២៤-២០២៨។ យុទ្ធសាស្ត្រនេះ ត្រូវបានសម្របតាម តម្រូវការ និងអាទិភាពរបស់កម្ពុជា។ វាសង្កត់ធ្ងន់ លើការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍមូលធន មនុស្ស និងភាពធន់នឹងអាកាសធាតុ ព្រមទាំងជំរុញអាទិភាពឆ្លងវិស័យ (cross-cutting priorities) ដូចជា អភិបាលកិច្ច សមភាពយេនឌ័រ ឌីជីថលភាវូបនីយកម្ម ព្រមទាំងកិច្ចសហ ប្រតិបត្តិការ និងសមាហរណកម្មក្នុងតំបន់។
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានលើកពីប្រវត្តិរបស់ធនាគារនេះ ដែលបានបង្ហាញវត្តមាននៅកម្ពុជា និងបានផ្តល់ជំនួយក្នុងនាមជាដៃគូអភិវឌ្ឍន៍កម្ពុជា អស់រយៈពេលជាយូរមក រហូតមកទល់ពេលនេះ ដែលធនាគារនេះដើរតួនាទីសំខាន់ ក្នុងការលើកកំពស់សេដ្ឋកិច្ច និងសង្គកម្ពុជា៕