ដោយៈ គង់ សួរិយា
អេស្បាញៈ មន្រ្តីជាន់ខ្ពស់កម្ពុជាបានរៀបចំ សិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ដើម្បីផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ទៅកាន់សហគ្រាសរបស់អេស្ប៉ាញ។
សិក្ខាសាលានេះដឹកនាំដោយលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាសហធិបតីជាមួយ លោកជំទាវ Amparo Lopez Senovilla រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មអេស្ប៉ាញ ក្នុងសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាទៅកាន់សហគ្រាសរបស់អេស្ប៉ាញ ដែលបានរៀបចំនិងមានការចូលរួមពី សភាពាណិជ្ជកម្មអេស្ប៉ាញ, សហព័ន្ធអង្គការពាណិជ្ជកម្មអេស្ប៉ាញ(CEOE), គណៈប្រតិភូកម្ពុជា និងវិស័យឯកជនជាច្រើនរូប។
កម្មវិធីនេះជាផ្នែកមួយ នៃគោលនយោបាយគោះទ្វារអ្នកវិនិយោគអឺរ៉ុបរបស់រដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានចូលរួម និងមានប្រសាសន៍ក្នុងសិក្ខាសាលា ដ៏មានសារៈសំខាន់នាឱកាសនេះ ព្រមទាំងបានជម្រាបជូនអំពីសក្តានុពលកម្ពុជាមានជាអាទិ៍ ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មកម្ពុជា ភាពប្រទាក់ក្រឡានៃហេដ្ឋារចនាសម្ព័ន្ធកម្ពុជាទាំងផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស និងផ្លូវដែក ពិសេសមានរាជរដ្ឋាភិបាល ផ្ដល់ការគាំទ្រដល់ភាពរីកចម្រើនរបស់ធុរជន និងច្បាប់វិនិយោគ មានភាពបើកចំហរជូនវិនិយោគិនពីគ្រប់ប្រទេស។
ជាសុទិដ្ឋិនិយម សម្រាប់កិច្ចសម្របសម្រួលជូនវិនិយោគិន លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា វិនិយោគិន និងធុរជនដែលបានអញ្ជើញ ចូលរួមនាពេលនេះនឹងអញ្ជើញមកសិក្សាស្វែងយល់ដោយផ្ទាល់នៅកម្ពុជា ក៏ដូចជាពាំនាំនូវបច្ចុប្បន្នភាព នៃបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់សហគមន៍ធុរកិច្ចអេស្ប៉ាញឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
លោកសួន សុផល អគ្គលេខាធិការរង នៃគណៈកម្មាធិការវិនិយោគកម្ពុជា បានរំលេចកាន់តែស៊ីជម្រៅ បន្ថែមទៀតអំពីបរិយាកាស ការគាំទ្ររបស់រាជរដ្ឋាភិបាល និងសក្តានុពលវិនិយោគលើវិស័យថ្មីៗនៅកម្ពុជា ពិសេសលើវិស័យយានយន្តនិងអេឡិចត្រូនិក កសិកម្មនិងកសិ-ឧស្សាហកម្ម សុខាភិបាលនិងឱសថ ថាមពលកកើតឡើងវិញ ទេសចរណ៍និងបដិសណ្ឋារកិច្ចជាដើម៕