ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកអភិវឌ្ឍន៍ខុនដូ ទាំងជនជាតិខ្មែរ និងបរទេសជាច្រើន បានរឹបអូសយកខុនដូអតិថិជនរបស់ខ្លួន តាមរយៈការប្រើប្រាស់កុងត្រារវាងអ្នកអភិវឌ្ឈន៍ និងអ្នកលក់។
បញ្ហារឹបអូសយូនីតខុនដូ បានកើតមានច្រើនករណី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារប្រជាពលរដ្ឋកម្ពុជាភាគច្រើន បានរងវិបត្តិហិរញ្ញវត្ថុ និងជាប់គាំងលំហូរសាច់ប្រាក់។
សម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ឋសភាកម្ពុជា បានដឹងពីការលំបាកររបស់ប្រជាពលរដ្ឋ ដោយអំពាវនាវឲ្យម្ចាស់គំរោងនានាយល់យោគ ដល់អតិថិជន និងកុំមានការរឹបអូសទ្រព្យសម្បត្តិអតិថិជន។
ការវិនិយោគរបស់អ្នកធុរកិច្ចអន្តរជាតិនៅកម្ពុជា ជាការរួមចំណែកអភិវឌ្ឍន៍កម្ពុជា ដែលប្រជាពលរដ្ឋខ្មែរតែងតែអបអរសាទរ ប៉ុន្តែអ្នកអភិវឌ្ឍ៍នានា ក៏គួរសាងសង់គំរោងរបស់ខ្លួន ដើម្បីបំរើសុខមាលភាពសង្គម ជាជាងយកប្រាក់ចំណេញជាអាទិភាពទី១។
ជាក់ស្តែងក្រុមហ៊ុន Prince Real estate ដែលមានអ្នកឧកញ៉ាចេន ហ្ស៊ី ជាប្រធានក្រុមប្រឹក្សាភិបាល បាននិងកំពុងរូមចំណែកយ៉ាងច្រើន លើការអភិវឌ្ឍនៅកម្ពុជា ពិសេសជម្រុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ។
ទោះជាយ៉ាងណាគំរោង Price Real Estate និង Prince International មួយចំនួនបានសាងសង់បញ្ចប់ ប៉ុន្តែបានជាប់គាំង ដោយគ្មានមនុស្សរស់នៅ និងធ្វើអាជីវកម្ម ដែលបញ្ហានេះអ្នកអភិវឌ្ឍន៍ដ៏ធំរូបនេះ គួរសិក្សាពីមូលដ្ឋាន នៃការវិនិយោគរបស់ខ្លួនឡើងវិញ ដូចជា ទី១ តើគំរោងអភិវឌ្ឍន៍របស់ខ្លួន បានគោរពស្តង់ដាបៃតងដែរឬទេ? ទី២ តើគំរោងអភិវឌ្ឍន៍របស់ខ្លួន គោរពបានតាមបទដ្ឋានសំណង់ ដែលមានស្តង់ដាអន្តរជាតិឬទេ? ទី៣ តើជាគំរោងអភិវឌ្ឈន៍ ដែលគិតតែប្រាក់ចំណេញមួយមុខឬយ៉ាងណា?។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រុមហ៊ុននេះមួយចំនួន បានធ្វើការប្រកបដោយស្តង់ដា តម្លាភាព គណនេយ្យភាពឬទេ? ជាក់ស្តែងគំរោងអភិវឌ្ឍន៍ខុនដូ មួយចំនួនរបស់ក្រុមហ៊ុននេះ ដែលបានលក់ឲ្យអតិថិជន ក្នុងតម្លៃដែលអនុញ្ញាត្តឲ្យក្រុមហ៊ុនភ្នាក់ងារលក់ ឬក្រុមហ៊ុនAngency លក់យូនីតខុនដូ តាមអ្វីដែលពួកគេចង់បានពីអតិថិជន និងដើម្បីទទួលបានប្រាក់កម្រៃជើងសារលើសលុប។
ត្រលប់មកសំណួរដើមវិញថា តើអ្នកអភិវឌ្ឍន៍អាចដកហូតយូនីតខុនដូពីអតិថិជន ស្របច្បាប់ឬទេ? និងមិនចាំបាច់ឆ្លងកាត់ប្រព័ន្ឋតុលាលការបានឬយ៉ាងណា?។
មេធាវីមួយរូបដែលបានបដិសេធ មិនបញ្ចេញឈ្មោះបានបញ្ជាក់
ថា ជាគោលការណ៍នៅពេលចង់ ឲ្យមានការរំលាយកិច្ចសន្យា ទាល់តែមានការស្នើសុំសេចក្តីសម្រេចពីតុលាការ និងមានការផ្ទេរកម្មសិទ្ឋត្រលប់ពីអតិថិជនដល់ម្ចាស់គំរោងវិញ។
លោកបញ្ជាក់ថា “ការរឹបអូសយកពីអតិថិជន ពីសំណាក់អ្នកអភិវឌ្ឍន៍អាចធ្វើទៅបាន ដរាបណាភាគីអ្នកទិញយល់ស្របអ្នកទិញ ប៉ុន្តែប្រសិនជាអ្នកទិញមិនឯកភាព ទាល់តែមានការប្តឹងទៅតុលាការដើម្បីសុំការសម្រេចពីតុលាការ និងការផ្តិតមេដៃត្រលប់ពីអតិថិជន”៕