មន្រ្តីជាន់ខ្ពស់កម្ពុជាស្នើឲ្យអ្នកធុរកិច្ចសិក្សាសក្តានុពលវិនិយោគនៅកម្ពុជា

ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវចម និម្មលបានស្នើឲ្យអ្នកធុរកិច្ចអន្តរជាតិ មកសិក្សាពីកាលានុវត្តន៍ភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា។

ថ្លែងក្នុងកម្មវិធីវេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូផ្គងពាណិជ្ជកម្ម នៃមហាសន្និបាតអាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្ត និងស្នើឲ្យអ្នកវិនិយោគទាំងអស់ ចូលរួមស្វែងយល់ពីសក្តានុពលដ៏ធំ ដែលកម្ពុជាផ្តល់ជូនធុរជន។

វេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូផ្គងពាណិជ្ជកម្ម នៃមហាសន្និបាតអាស៊ីប៉ាស៊ីហ្វិ ប្រចាំឆ្នាំ២០២៤នេះ បានរៀបចំធ្វើឡើងនៅសណ្ឋាគារសុខា អង្គរសៀមរាប ខេត្តសៀមរាប ដែលមានវត្តមានចូលរួមរបស់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ សហគ្រិន និងវិនិយោគិនក្នុងស្រុក និងបរទេសជាច្រើនរូប។

លោកស្រី ចម និម្មល បានលើកឡើងអំពីបរិយាកាសធុរកិច្ចដ៏រស់រវើក និងពោរពេញដោយសក្តានុពល ដែលក្នុងរយៈពេលពីរទស្សវត្សរ៍មកនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ជាមធ្យមជាង៧%ក្នុងមួយឆ្នាំ។ ជោគជ័យនេះ ត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាន នៃស្ថិរភាពនយោបាយ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចល្អ និងរដ្ឋាភិបាលសកម្ម ដែលយល់ពីតម្លៃនៃវេទិកាពិគ្រោះយោបល់ជាមួយវិស័យឯកជន។

លោកជំទាវបានបញ្ជាក់អំពី ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលបានកំពុងធ្វើការយ៉ាងសកម្ម ក្នុងការអភិវឌ្ឍក្របខណ្ឌច្បាប់និងបញ្ញតិ្តក្នុងស្រុក ដើម្បីជួយសម្រួលការដំណើរការអាជីវកម្មនៅកម្ពុជាឱ្យមានភាពប្រគួត ប្រជែង និងធានាពង្រឹងដល់បរិយា កាសធុរកិច្ចឱ្យកាន់តែប្រសើរជាងមុន។

លោកស្រី ចម និម្មល បានថ្លែងថា បរិវត្តកម្មឌីជីថល គឺជា ចំណុចស្នូល នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ អាស្រ័យហេតុនេះ ប្រទេសកម្ពុជាទទួលស្គាល់ថា ការទទួលយកបច្ចេកវិទ្យាឌីជីថលគឺមានសារៈសំខាន់ សម្រាប់ការលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព និងការប្រកួតប្រជែង៕