ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំពូលមហាសេដ្ឋីអាមេរិកលោក Elon Musk បានបង្កើតក្រុមហ៊ុន AI ថ្មីមួយផ្ទាល់ខ្លួន ដែលដាក់ឈ្មោះថា xAI ដើម្បីប្រកួតប្រជែងនឹងក្រុមហ៊ុនផ្សេងៗ ដូចជាក្រុមហ៊ុន OpenAIជាដើម។
លោកអះអាងថា វេបសាយមួយនេះត្រូវបានបង្កើតឡើង ដើម្បីអនុញ្ញាតឱ្យមនុស្សអាចយល់ដឹងអំពីធម្មជាតិពិតនៃសកលលោក។ ទោះជាយ៉ាងណាក្តី នាពេលនេះ លោក Elon Musk បានប្រកាសជាថ្មីថា កម្មវិធី Chatbot របស់ក្រុមហ៊ុន xAI ដែលមានឈ្មោះថា Grok នឹងបើកដាក់ឱ្យដំណើរការ សម្រាប់អតិថិជនជាវសេវាកម្ម Premium នៅលើបណ្តាញសង្គម X។
លោក Elon Musk ប្រកាសបែបនេះលើបណ្តាញសង្គម X ប៉ុន្តែលោកមិនបានបង្ហាញព័ត៌មានលម្អិតបន្ថែមទៀតឡើយ។ ការដាក់ឱ្យដំណើរការក្រុមហ៊ុន AI បានធ្វើឡើង ស្របពេលដែលក្រុមហ៊ុនផ្សាយពាណិជ្ជកម្មជាច្រើនបានចាកចេញពីវេទិកាបណ្តាញសង្គម X របស់មហាសេដ្ឋីរូបនេះ ហើយលោកក៏បានងាកមករកប្រាក់ចំណេញតាមគម្រោង AI ជំនួសវិញ។
កាលពីដើមខែឧសភាកន្លងទៅ លោក Elon Musk បានអះអាងថា ក្រុមហ៊ុន xAI នឹងបើកកម្មវិធី Chatbot ថ្មី ដែលមានឈ្មោះថា Grok បន្ទាប់ពីលោកបានប្តឹងក្រុមហ៊ុន OpenAI ពីបទបោះបង់ចោលបេសកកម្មដើមរបស់ខ្លួន ដើម្បីផលប្រយោជន៍។ តាមរយៈគម្រោងថ្មីនេះ លោក Elon Musk ត្រូវគេមើលឃើញថា លោកកំពុងប្រកួតប្រជែងជាមួយក្រុមហ៊ុនជើងចាស់ដូចជា ក្រុមហ៊ុន OpenAI ក្រុមហ៊ុន Google និងក្រុមហ៊ុន Anthropic ដែលស្ថិតនៅពីក្រោយការអភិវឌ្ឍន៍កម្មវិធី chatbots ឈានមុខគេនៅលើពិភពលោកដូចជា កម្មវិធី ChatGPT កម្មវិធី Bard និងកម្មវិធី Claude ជាដើម។
លើសពីនេះ មហាសេដ្ឋីលោក Elon Musk បានប្រកាសថា លោកបានរៃអង្គាសប្រាក់បានចំនួន៦ពាន់លានដុល្លារនៅក្នុងការផ្តល់មូលនិធិជុំ B សម្រាប់ក្រុមហ៊ុន xAI។
ការផ្តល់មូលនិធិនេះ ត្រូវបានដឹកនាំដោយក្រុមហ៊ុនបណ្តាក់ទុនដ៏លេចធ្លោរួមមាន ក្រុមហ៊ុន Andreessen Horowitz និងក្រុមហ៊ុន Sequoia Capital រួមជាមួយនឹងបណ្តាវិនិយោគិនដ៏លេចធ្លោជាច្រើនរូបផ្សេងទៀតផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Yahoo Finance។
មូលនិធិនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុន xAI អាចពន្លឿនកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវ និងការអភិវឌ្ឍន៍របស់ខ្លួន ដោយសារក្រុមហ៊ុននេះមានមហិច្ឆិតាប្រែក្លាយខ្លួនជាតួអង្គដ៏សំខាន់នៅក្នុងវិស័យបញ្ញាសិប្បនិម្មិត។
ជាងនេះទៅទៀត ក្រុមហ៊ុន xAI គ្រោងនឹងប្រើប្រាស់មូលនិធិទាំងនេះ ដើម្បីនាំយកផលិតផលដំបូងរបស់ខ្លួនទៅកាន់ទីផ្សារ ព្រមទាំងកសាងហេដ្ឋារចនាសម្ព័ន្ធទំនើប និងពន្លឿនការអភិវឌ្ឍន៍បច្ចេកវិទ្យានាពេលអនាគត៕ប្រភព: CNN៕