រដ្ឋាភិបាលជ្រើសរើសវិថីចំនួន២ ដាក់ឈ្មោះមេដឹកនាំឥណ្ឌូនេស៊ី ដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ

ដោយៈ ហ្វីអូណា
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសវិថចំនួន២ដាក់ឈ្មោះមេដឹកនាំឥណ្ឌូនេស៊ី ដើម្បីថថ្លែងអំណរគុណ និងពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។


ព័ត៌មាននេះ ត្រូវបានលើកឡើងដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឱកាសសម្តេចអនុញ្ញាតឲ្យឯកឧត្ដម សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ។


សម្តេចបន្តឲ្យដឹងថា “កម្ពុជាបានរៀបចំឱ្យមានវិថីពីរ ដែលបានដាក់ឈ្មោះថា “វិថីស៊ូកាណូ” និងវិថី “អាលី អាឡាតាស” ដែលជាឥស្សរជនឥណ្ឌូណេស៊ី បានរួមចំណែកជាមួយនឹងកម្ពុជា ជាពិសេស គឺឯកឧត្តម អាលី អាឡាតាស ដែលបានជួយជ្រោមជ្រែងរកដំណោះស្រាយសន្តិភាព ដល់ប្រទេសកម្ពុជា ។


សម្ដេចបានលើកឡើងថា “ប្រទេសយើងទាំងពីរមានទំនាក់ទំនងយូរអង្វែងហើយ ពុំដែលមានបញ្ហាអ្វីជាមួយគ្នានោះទេ” ។


សម្ដេចតេជោ ក៏បានរំលឹកផងដែរពីអនុស្សាវរីយ៍ នៅក្នុងការធ្វើការងារជាមួយថ្នាក់ដឹកនាំឥណ្ឌូណេស៊ី ក្នុងការនាំមកនូវសុខសន្តិភាព និងដំណោះស្រាយចំពោះកម្ពុជា។ ឥណ្ឌូណេស៊ី គឺតែងតែបានប្រឹងប្រែងជួយដោះស្រាយ ក្នុងឋានៈជាសហប្រធានសន្និសីទ ទីក្រុងប៉ារីស និងក៏បានរំលឹកពីកិច្ចប្រជុំ JIM 1 & 2 នៅសាធារណរដ្ឋឥណ្ឌូណេស៊ី។


ក្រោយមកសម្ដេច បានធ្វើការជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី បន្តបន្ទាប់ រហូតដល់លោក Joko Widodo អស់រយៈពេលពីរអាណត្តិ។


ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុនសែន ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មីដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងបន្តការងារជាមួយលោកឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ។


សម្ដេចក៏បានអបអរសាទរ ចំពោះជោគជ័យនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឥណ្ឌូណេស៊ី កន្លងទៅនេះ ដែលលោក Prabowo Subianto ត្រូវចូលកាន់តំណែងជាប្រធានាធិបតី នៅខែតុលាខាងមុខនេះ ៕