កម្ពុជា គឺជាប្រទេសយកពន្ធតិច និងអនុគ្រោះបំផុត តែការអភិវឌ្ឍលឿនរហ័ស

ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា កម្ពុជា គឺជាប្រទេសដែលយកពន្ធតិច និងអនុគ្រោះបំផុត ប៉ុន្តែការអភិវឌ្ឍលឿនរហ័ស ហើយត្រូវបានអង្គការ សហប្រជាជាតិ ចាត់ទុកជាប្រទេស ដែលកាត់បន្ថយភាពក្រីក្រ បានលឿនរហ័សបំផុត មួយក្នុងលោក។

តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃ៥ មិថុនា លោក ប៉ែន បូណា បានបញ្ជាក់ថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជាតាំងពីជំនាន់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ការអនុគ្រោះបំផុតចំពោះការយកពន្ធពីប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ និងអ្នកមានចំណូលទាប ត្រូវបានរាជរដ្ឋាភិបាលគិតគូរជាអាទិភាពនិងព្យាយាមបញ្ចៀសពួកគេមិនឲ្យជាប់ពន្ធឡើយ។

លោកបន្ដរៀបរាប់ពីការ មិនយកពន្ធទៀតថា ជាក់ស្តែង រដ្ឋមិនយកពន្ធដីកសិកម្មជាលក្ខណៈគ្រួសារ មិនយកពន្ធលើសម្ភារ កសិកម្ម ផលិតផលកសិកម្ម និងអចលនទ្រព្យដែលមានតម្លៃក្រោម ១០០ លានរៀល ឬ ២៥ ០០០ ដុល្លារ។ លើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ អចលទ្រព្យក្រោមឬស្មើ ៧ម៉ឺនដុល្លារ ។ រដ្ឋមិនយកពន្ធប្រថាប់ត្រាផ្ទេរ មរតកជាអំណោយមួយលើក មិនយកពន្ធផ្លូវម៉ូតូឬកង់បី។ ប្រាក់បៀវត្សទាបជាង ១,៥ លានរៀល មិនជាប់ពន្ធ ។ អ្នកប្រកបរបរតូចតាច ដែលមានផលរបរក្រោម ២៥០លានរៀល មិនតម្រូវឲ្យមាន កាតព្វកិច្ចបង់ពន្ធទេ ។ ទន្ទឹមគ្នានេះ គោលនយោបាយអនុគ្រោះដល់អាជីវកម្មនានា ដែលជួបការលំបាក ក៏ត្រូវបានដាក់ចេញជាបន្តបន្ទាប់ និង នៅតែអនុវត្តជាប្រចាំ។ នៅមានការអនុគ្រោះ ព្រមទាំងការលើកលែង ជាច្រើនផ្សេងទៀតដែលរដ្ឋបានផ្តល់ជូន។

លោកបន្ថែមថា ក្រៅពីមិនជាប់ពន្ធ ពលរដ្ឋក្រីក្រនិង ងាយរងហានិភ័យ ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាអាទិភាព ក្នុងការទទួលបានការឧបត្ថម្ភគាំពារពីរដ្ឋ។ ជាក់ស្តែង ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបានចំណាយថវិកាជាង ១ ២០០ លានដុល្លារ ដើម្បីជួយពលរដ្ឋក្រីក្រដែលរងគ្រោះ។ បច្ចុប្បន្ន កម្មវិធីគោលនយោបាយ អាទិភាព៦ ចំណុចដែលដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងបន្តជួយគាំពារដល់ពលរដ្ឋក្រីក្រនិងងាយរងហានិភ័យដូចជា ការផ្តល់ជូនសេវាសុខាភិបាល ការបណ្តុះបណ្តាល កូនអ្នកក្រីក្រដោយឥតបង់ប្រាក់ និងថែមទាំងទទួលបាន ការឧបត្ថម្ភប្រចាំខែទៀត គោលនយោបាយអភិវឌ្ឍន៍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ កម្មវិធីជាតិ ជំនួយសង្គម និងគោល នយោបាយគាំពារ វិស័យកសិកម្មជាដើម សុទ្ធសឹងតែជាគោលនយោបាយ គាំពារពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ។

អ្នកនាំពាក្យគូសបញ្ជាក់ថា «ទោះបីជាស្ថាប័ន ហិរញ្ញវត្ថុអន្តរជាតិ និងប្រទេសដៃគូអភិវឌ្ឍន៍នានាតែង ផ្តល់អនុសាសន៍ ឲ្យរាជរដ្ឋាភិបាលបង្កើនការប្រមូលពន្ធ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ជាក់ស្តែងនៃការអភិវឌ្ឍ ប្រទេសក៏ដោយ ក៏រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា នៅតែបន្តគោលនយោបាយអនុគ្រោះពន្ធ ដល់ប្រជាពលរដ្ឋជាពិសេស ពលរដ្ឋក្រីក្រដដែល។ ទោះបីជាយកពន្ធតិច ប៉ុន្តែ កម្ពុជាត្រូវបានអង្គការសហប្រជាជាតិ ចាត់ទុកជាប្រទេស ដែលកាត់បន្ថយភាព ក្រីក្របានលឿន រហ័សបំផុតមួយក្នុងលោក ។ ចាកចេញពីគំនរផេះផង់នៃភ្លើង សង្គ្រាមនិងរបប ប្រល័យពូជសាសន៍ កម្ពុជាបានឆ្លងផុតពីប្រទេសក្រីក្រ ឈានចូលប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ហើយកំពុងត្រៀមខ្លួនក្លាយ ជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ២០៥០»។

អ្នកនាំពាក្យបន្ថែមថា ប្រទេសមួយ ដែលយកពន្ធតិចបំផុត តែអភិវឌ្ឍន៍បានលឿនរហ័សបំផុតបែបនេះ ពិតជាកម្រមានណាស់ ៕