ដោយៈ គង់ សូរិយា
ប៊ែលហ្សិកៈ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជំទាវជា សិរីបានថ្លែងថា បច្ចុប្បន្នប្រជាជនកម្ពុជាអាចទូទាត់ចេញពីគណនី ប្រាក់រៀលរបស់ខ្លួននៅប្រទេសថៃ វៀតណាម និងឡាវ។
លោកជំទាវបន្តទៀតថា ក្នុងពេលឆាប់ៗខាងមុខ ប្រជាជនកម្ពុជាអាចទូទាត់ប្រាក់រៀល នៅប្រទេសចិន ឥណ្ឌា និងម៉ាឡេស៊ី ។ល។ ហើយប្រជាជននៅប្រទេសទាំងនោះ ក៏អាចទូទាត់តាមប្រព័ន្ធ QR Code នៅកម្ពុជា ជាប្រាក់រៀលផងដែរ។
ធនាគារជាតិនៃកម្ពុជា បានអភិវឌ្ឍការទូទាត់អេឡិចត្រូនិក និងដាកឱ្យប្រើប្រាស់ប្រព័ន្ធបាគង និងស្តង់ដារ QR Code ជាបន្តបន្ទាប់ ដែលបានធ្វើឱ្យការទូទាត់ កាន់តែងាយស្រួល ភ្លាមៗ និងសុវត្ថិភាព និងបានភ្ជាប់ការទូទាត់ នៅក្នុងស្រុករវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាជាមួយប្រទេសជិតខាង។
លោកជំទាវបានថ្លែងបែបនេះ ក្នុងជំនួបជាមួយលោក នង សាកល ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប៊ែលស៊ីក លុចសំប៊ួ ហូឡងដ៏ និងអូទ្រីសកាលពីសប្តាហ៍មុន។
ក្នុងឱកាសនោះ លោកជំទាវ ទេសាភិបាល បានថ្លែងសរសើរពីវឌ្ឍនភាពល្អ នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប៊ែកហ្ស៊ិក និងបានជម្រាបជូន ពីកិច្ចសហការល្អរវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលប៊ែលស៊ិក ក្នុងរយៈពេលជាងពីទសវត្សរ៍ចុងក្រោយនេះ។
លោកជំទាវ ក៏បានលើកឡើងពីការវិវត្ត នៃឌីជីថលូបនីកម្មក្នុងវិស័យធនាគារកម្ពុជា ជាពិសេសក្នុងប្រព័ន្ធទូទាត់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឌីជីថលូបនីកម្មសេដ្ឋកិច្ចនិងសង្គមកម្ពុជា៕