ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមលោកបណ្ឌិត Alexander Evengroen នាយកប្រតិបត្តិក្រុមហ៊ុន ASEAN Realtor Inc. បានមានប្រសាសន៍ឱ្យដឹងថា ឧស្សាហកម្មអចលនទ្រព្យនៅកម្ពុជា កំពុងបង្ហាញសញ្ញាវិជ្ជមានបន្តិចម្តងៗ។
លោកបណ្ឌិតបានបន្តថា “ស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ២០២៤នេះ នៅតែបន្តប្រឈមមុខនឹងផលលំបាក ដោយសារទីផ្សារនៅតែរងសម្ពាធ”។ លោកបន្ថែមថា “ទីផ្សារអចលនទ្រព្យនៅកម្ពុជា អាចនឹងកម្រើកឡើងវិញ នៅឆមាសទី២ ឆ្នាំ២០២៥”។
ទោះបីជាយ៉ាងណាក្តី លោកបណ្ឌិតកត់សម្គាល់ឃើញថា ការចុះផ្សាយព័ត៌មានផ្ទុយគ្នាស្តី អំពីសុខភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា ពីសំណាក់បណ្តាក្រុមហ៊ុន អង្គការ និងសមាគមផ្សេងៗ បានបង្កឱ្យមានភាពមិនច្បាស់លាស់ និងរារាំងដល់វឌ្ឍនភាព។
លោកបណ្ឌិតអះអាងថា អង្គភាព ឬស្ថាប័នជាច្រើន កំពុងព្យាយាមជះឥទ្ធិពលទៅលើទីផ្សារ ដោយផ្អែកលើការបញ្ចេញគំនិតផ្ទាល់ខ្លួនជាជាងការពិត ដែលការណ៍នេះនាំឱ្យខ្វះភាពច្បាស់លាស់ និងទិសដៅត្រឹមត្រូវ។
លោកបណ្ឌិត Alexander បានបញ្ជាក់ថា “វាមានសារៈសំខាន់ណាស់ សម្រាប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងការរួបរួមគ្នា និងធ្វើការឆ្ពោះទៅរកគោលដៅរួមនៃកំណើន និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។
ជាមួយគ្នានេះ ស្របពេលដែលគម្រោងអចលនទ្រព្យ កាន់តែច្រើន កំពុងត្រូវបានអភិវឌ្ឍន៍ឡើង នោះតម្រូវការនៃការប្រើប្រាស់អគ្គិសនី ក៏នឹងមានការកើនឡើងផងដែរ ដែលការណ៍នេះនាំឱ្យមានការបំភាយឧស្ម័នកាបូនកាន់តែច្រើន ចូលទៅក្នុងបរិយាកាសរបស់ផែនដី។
ត្រង់ចំណុចនេះ លោកបណ្ឌិតបានអំពាវនាវ ឱ្យវិស័យផ្សេងៗគ្នាត្រូវសហការ និងស្វែងរកដំណោះស្រាយ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថានទាំងនេះ និងធានាឱ្យបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោកបណ្ឌិត Evengroen បានបញ្ជាក់ថា “ការបង្វែរការយកចិត្តទុកដាក់ពីបញ្ហាប្រឈម ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩ ទៅកាន់អនាគត និងដំណោះស្រាយក្នុងរយៈពេលវែង ដើម្បីពង្រឹងឧស្សាហកម្មអចលនទ្រព្យនៅកម្ពុជា”។
លោកបណ្ឌិតបានផ្តល់អនុសាសន៍ថា ចំណុចដែលយើងគួរតែផ្តោតជាសំខាន់ រួមមាន ការសាងសង់លំនៅដ្ឋាន ដែលមានតម្លៃសមរម្យ សំណង់ដែលមានគុណភាពខ្ពស់ ការកាត់បន្ថយការបំភាយឧស្ម័នកាបូន ការកែលម្អការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការរឹតបន្តឹងបទប្បញ្ញត្តិលើសំណង់អគារ។
លោកបណ្ឌិតជឿជាក់ថា តាមរយៈការដោះស្រាយបញ្ហាសំខាន់ៗទាំងនេះ និងការធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅរួមមួយ វិស័យអចលនទ្រព្យនៅកម្ពុជា អាចយកឈ្នះលើបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងត្រួសត្រាយផ្លូវសម្រាប់កំណើន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
អ្នកជំនាញអន្តរជាតិរូបនេះសង្កត់ធ្ងន់ថា វាជាការចាំបាច់ណាស់ សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេឱ្យដើរទន្ទឹមគ្នា និងផ្តល់អាទិភាពដល់និរន្តរភាពយូរអង្វែងនៃទីផ្សារអចលនទ្រព្យនៅកម្ពុជា។
លោកបណ្ឌិតបញ្ជាក់ទៀតថា “លុះត្រាតែមានកិច្ចសហការ និងការធ្វើផែនការយុទ្ធសាស្រ្តប៉ុណ្ណោះ ទើបឧស្សាហកម្មអចលនទ្រព្យអាចរីកចម្រើនទៅមុខបាន និងចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចទាំងមូលរបស់ប្រទេសកម្ពុជា”៕