ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រធានក្រុមហ៊ុនខ្នាតយក្សមួយ របស់ប្រទេសហ្វីលីពីន បានលើកឡើងថា ទីក្រុងម៉ានីល មិនគួរបោះបង់ចោលការទាមទារដែនទឹករបស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូងនោះទេ ដោយសារតែតំបន់នេះ មានសក្តានុពលផ្នែកថាមពលដ៏ធំបំផុត។
លោកមហាសេដ្ឋី Ramon Ang ប្រធានក្រុមហ៊ុន San Miguel Corp បានអះអាងថា “យើងមានទុនបម្រុងដ៏ធំមួយ នៅក្នុងសមុទ្រហ្វីលីពីនភាគខាងលិច។ ដូច្នេះ យើងកុំបោះបង់ចោល ហើយយើងគួរតែការពារដែនទឹករបស់យើង”។
លោកបានថ្លែងប្រាប់អ្នកយកព័ត៌មាន ដាច់ដោយឡែកថា“យើងមានទីតាំងឧស្ម័នធម្មជាតិដ៏ធំមួយ នៅសមុទ្រហ្វីលីពីនភាគខាងលិច ក្នុងតំបន់សមុទ្រចិនភាគខាងត្បូង។ យើងគួរតែផ្តោតលើការអភិវឌ្ឍន៍ធនធានទាំងនោះទៅកាន់ថ្ងៃអនាគត”។
ប្រទេសហ្វីលីពីន និងចិន បានជាប់គាំងក្នុងជម្លោះដែនទឹកដ៏រ៉ាំរ៉ៃនៅសមុទ្រចិនភាគខាងត្បូង។
ចំណែក លោកមហាសេដ្ឋី Manuel Pangilinan ប្រធានក្រុមហ៊ុន PXP Energy ធ្លាប់បានមានប្រសាសន៍ឱ្យដឹងកាលពីខែមុនថា ជម្លោះនេះ បានរារាំងមិនឱ្យក្រុមហ៊ុនរបស់លោក អាចបន្តធ្វើការរុករកថាមពលនៅឯតំបន់ Reed Bank ក្នុងសមុទ្រចិនខាងត្បូង។
រដ្ឋបាលរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានធ្វើការទាមទារដែនទឹករបស់ហ្វីលីពីន នៅក្នុងសមុទ្រចិនខាងត្បូង ដោយប្រឆាំងនឹងការទាមទារ របស់ទីក្រុងប៉េកាំង ជុំវិញផ្លូវទឹកដ៏សំខាន់មួយនេះ។
លោក Manuel Pangilinan បានអះអាងថា លោក Marcos កំពុងធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ខណៈលោកស្រីTeresita Sy-Coson អនុប្រធានក្រុមហ៊ុន SM Investments ដែលជាមហាសេដ្ឋីហ្វីលីពីនមួយរូបផងដែរនោះ បានអំពាវនាវឱ្យមានការចរចា ដោយសន្តិភាពបន្ថែមទៀតជាមួយភាគីចិន ដែលជាដៃគូពាណិជ្ជកម្មលំដាប់កំពូលរបស់ហ្វីលីពីន៕ប្រភព: Business Times៕