នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងព្រះធម្មចេតិយទី ១ តម្កល់ព្រះត្រៃបិដកឆ្លាក់លើថ្មម៉ាបចំនួន ១ ១៧០ ផ្ទាំង, ផ្លូវបេតុង ៩ ខ្សែ , បូជនីយដ្ឋានសមថៈ និង វិបស្សនា ព្រមទាំងសមិទ្ធផលនានា នៅក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅលើឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ក្នុងខេត្តកំពង់ស្ពឺ ។
មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍ កម្ពុជាមានកាលានុវត្តភាព សមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើតបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីបម្រើដល់ការថែរក្សាចីរភាពនៃសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិមាតុភូមិ ឱ្យកាន់តែមានការរីកចម្រើន ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ។ ជាក់ស្តែង ការកសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជារួចរាល់ នឹងធ្វើឱ្យឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យទាំងមូលក្លាយជាបូជនីយដ្ឋានសម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនា រួមចំណែកក្នុងការអភិវឌ្ឍចំណេះដឹងទាំងផ្នែកផ្លូវលោក និងផ្លូវធម៌ ព្រមទាំងបណ្តុះបណ្តាលប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់វប្បធម៌ជាតិ និងចេះគោរពមាតាបិតា ជាពិសេស ចេះពង្រឹងសមត្ថភាពដឹកនាំមាគ៌ាជីវិតក្នុងផ្លូវត្រឹមត្រូវ ។ ទន្ទឹមនេះ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានេះ នឹងក្លាយទៅជាជម្រកសុវត្ថិភាពសម្រាប់លោកយាយលោកតា ក្នុងការស្នាក់នៅ និងសមាទានសីល ព្រមទាំងជាជម្រកសម្រាប់កុមារ យុវជន សិស្ស និស្សិតខ្វះលទ្ធភាព បានប្រើប្រាស់សម្រាប់បួសរៀន និងបន្តការសិក្សា ។ ការណ៍នេះជួយលើកកម្ពស់សុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តរបស់ប្រជាជនស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ជាពិសេស មុំទី ៥ នៃបញ្ចកោណទី ១ គឺ ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ។ លើសពីនេះ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ក៏ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលគួរឱ្យទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាច្រើនកុះករ រួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យគោលដៅទេសចរណ៍នៅកម្ពុជា ផងដែរ ។
ជាចុងក្រោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានអរគុណចំពោះគំនិតផ្តួចផ្ដើម ការខិតខំប្រឹងប្រែង និងការលះបង់ ទាំងកម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងថវិកាផ្ទាល់ខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់របស់សប្បុរជនក្នុង និងក្រៅប្រទេស ព្រមទាំងការជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារ ថវិកា ពីរាជរដ្ឋាភិបាល, ក្រសួងធម្មការ និងសាសនា, គណៈសង្ឃនាយក, និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីបង្កើតបានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ទុកជាសម្បត្តិជាតិ និងជាបូជនីយដ្ឋានព្រះពុទ្ធសាសនា ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសក្នុងពិធីនោះផងដែរថា រាជរដ្ឋាភិបាល នឹងបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នាខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីភ្ជាប់វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាទៅសកលលោក និងបម្រើដល់ផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសជាតិ ៕
🌐 Hun Manet (https://www.facebook.com/profile.php?id=100069511484329)
🌐 Samdech Thipadei Hun Manet, Prime Minister (https://www.facebook.com/Dr.Hunmanetofcambodia)of Cambodia (https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol)
🌐 Instagram (https://www.instagram.com/dr.hunmanetofcambodia)
🌐 X(Twitter) (https://twitter.com/dr_hunmanet_pm)
🌐 YouTube (https://www.youtube.com/@Dr.Hunmanetofcambodia)
🌐 Tiktok (https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc)