ដោយ: គង់ លាងហួរ
អន្តរជាតិ: ចំណតអ្នកដំណើរអន្តរជាតិ T2 នៅឯអាកាសយានដ្ឋាន Noi Bai ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម នឹងត្រូវបានពង្រីក ក្រោមទំហំទុនវិនិយោគជិត៤ទ្រីលានដុង (ប្រហែល ១៩៦,៤លានដុល្លារអាមេរិក)។
ចំណតអ្នកដំណើរនេះ នឹងត្រូវបានរៀបចំបំពាក់ ទៅដោយស្តង់ និងម៉ាស៊ីនស្កែន ត្រួតពិនិត្យកាន់តែច្រើន និងបង្កើនសមត្ថភាពផ្ទុកអ្នកដំណើររបស់ខ្លួនដល់១០ ទៅ១៥លាននាក់ក្នុងមួយឆ្នាំ។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Vnexpress។
គម្រោងពង្រីកចំណតអ្នកដំណើរនេះ ត្រូវបានប្រកាសឡើងដោយសាជីវកម្ម ព្រលានយន្តហោះវៀតណាម (ACV) ដែលនឹងត្រូវបានអភិវឌ្ឍន៍ឡើង នៅលើផ្ទៃដីទំហំ៤១២.០០០ម៉ែត្រការ៉េ ដោយស្លាបរបស់ចំណត និងតំបន់កណ្តាលនឹងត្រូវបានពង្រីក។
ចំណែក ទីតាំងរៀបចំនីតិវិធីនៅអាកាសយានដ្ឋាន នឹងត្រូវបានពង្រីកដល់១២០ស្តង់ ខណៈនាពេលបច្ចុប្បន្ន ចំណតនេះមានស្តង់ធម្មតាចំនួន២៤ប៉ុណ្ណោះ។ រីឯប្រព័ន្ធគ្រប់គ្រងឥវ៉ាន់ នឹងត្រូវបានបង្កើនដល់ចំនួន៨ ហើយស្ពានតភ្ជាប់ពីចំណតអ្នកដំណើរ ទៅកាន់យន្តហោះ នឹងត្រូវបានបង្កើនដល់ចំនួន១៩ខ្សែ។
គម្រោងនេះ នឹងត្រូវចំណាយទុនវិនិយោគ ប្រមាណ ៤,៩៩ទ្រីលានដុង ដោយក្នុងនោះ កញ្ចប់ថវិកាពីក្រុមហ៊ុនម៉ៅការមានតម្លៃ៤,៦ទ្រីលានដុង ដែលបានប្រភពមកពីសាជីវកម្ម ព្រលានយន្តហោះវៀតណាម (ACV)។ ការសាងសង់នឹងត្រូវចំណាយរយៈពេលអស់២២ខែ ដោយត្រូវបានគេរំពឹងថា នឹងបញ្ចប់រួចរាល់នៅត្រឹមចុងឆ្នាំ២០២៥ខាងមុខ។
សម្ព័ន្ធក្រុមហ៊ុនសំណង់ Vinaconex ក្រុមហ៊ុនសំណង់ Hanoi Construction និងក្រុមហ៊ុនសំណង់ Xuan Mai Investment & Construction ត្រូវបានជ្រើសរើសសម្រាប់គម្រោងនេះ។ តំណាងសម្ព័ន្ធក្រុមហ៊ុនទាំង៣បានអះអាងថា គម្រោងនេះគឺជាគម្រោងដ៏លំបាកមួយ ដែលទាមទារឱ្យមានសមត្ថភាពប្រតិបត្តិការ និងសំណង់ដែលមានគុណភាពល្អ។
Noi Bai ដែលជាអាកាសយានដ្ឋានដ៏ធំបំផុតទីពីរ របស់ប្រទេសវៀតណាម និងជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏ធំបំផុតរបស់ខ្លួន បានទទួលភ្ញៀវទេសចរណ៍ ចំនួន៣០លាននាក់កាលពីឆ្នាំមុន ខណៈចំណតអ្នកដំណើរT2 បានផ្ទុកលើសទម្ងន់ ចាប់ពីឆ្នាំ២០១៩មកម្ល៉េះ៕ប្រភព: Vnexpress៕