ដោយៈគង់ ហ្វីអូណា
ប៉េកាំងៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលចិន បានសន្យាលើកទឹកចិត្តក្រុមហ៊ុន និងសហគ្រាសចិន ឱ្យវិនិយោគនៅក្នុងប្រទេសកម្ពុជា និងពង្រីកការនាំចូល ផលិតផលកសិកម្មពីកម្ពុជាថែមទៀត។
បើគិតមកទល់ពេលនេះផ្លែឈើធំៗចំនួន៤ ដែលចិនបានអនុញ្ញាតឱ្យកម្ពុជានាំចូល ទៅកាន់ទីផ្សាររបស់ខ្លួន រួមមាន ចេក ស្វាយ ផ្លែមៀនប៉ៃលិន និងដូងស្រស់។
ការសន្យារបស់ចិនលោក វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្រ្តីសុខ ចិន្តាសោភា រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅប្រទេសចិន។
ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា បានបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងប្រកបដោយផ្លែផ្កា នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោក វ៉ាង យី។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ក្នុងគោលបំណងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចឱ្យកាន់តែច្រើន លោក វ៉ាង យី ស្វាគមន៍សំណើរបស់លោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ឱ្យភាគីចិនសិក្សាលទ្ធភាពពង្រីក ឬបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី បន្ថែមទៀតនៅកម្ពុជា និងផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ សំដៅបង្កើនចំនួនកម្លាំងពលកម្មជំនាញ នៅកម្ពុជា និងបញ្ជាក់ពីការបន្តគាំទ្រគម្រោង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា រួមមានផ្នែកដឹកជញ្ជូន ឡូជីស្ទិក ប្រព័ន្ធស្រោយស្រព និងប្រព័ន្ធធារាស្ត្រ រួមទាំងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោដែលមានសារសំខាន់ជាយុទ្ធសាស្ត្រ ដោយចិនមានបទពិសោធន៍ជោគជ័យជាយូរមកហើយ លើវិស័យទាំងនេះ។
លោក វ៉ាង យី ក៏បានសន្យាលើកទឹកចិត្តក្រុមហ៊ុន និងសហគ្រាស ចិនឱ្យធ្វើការវិនិយោគនៅកម្ពុជា និងពង្រីកការនាំចូលផលិតផលកសិកម្មពីកម្ពុជាថែមទៀត។ ភាគីទាំងពីរ បានឯកភាពផងដែរក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ និងមានសក្តានុពលដូចជា អប់រំ ទេសចរណ៍ កសិកម្មទំនើប ការតភ្ជាប់ សេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិត។
យោងតាមរបាយការណ៍គយ និងរដ្ឋករ ចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា នៅឆ្នាំ២០២៣ ដោយទំហំពាណិជ្ជកម្មកម្ពុជា-ចិន មានទំហំទឹកប្រាក់ជាង១២ពាន់លានដុល្លារ ពោលកើនឡើង៥% ធៀបនឹងឆ្នាំ២០២២៕