លោកយិន លាងគង់ ត្រូវបានតែងតាំងជាទូតសុឆន្ទៈបុរី DE ELEMENTS

ដោយៈ គង់ សូរិយា
ភ្នំពេញៈ សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.aisa លោកយិន លាងគង់ ត្រូវបានថ្នាក់ដឹកនាំក្រុមហ៊ុន DE ELEMENTS តែងតាំងជាទូតសុឆន្ទៈទទួលបន្ទុកផ្នែកសារព័ត៌មាន និងការផ្សព្វផ្សាយ។

បុរី DE ELEMENTS ស្ថិតនៅសង្កាត់កាកាប ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

មានប្រសាសន៍បន្ទាប់ពីពិធីចុះហត្ថលេខា កាលពីព្រឹកថ្ងៃទី២៧ ឧសភានេះ លោកយិន លាងគង់បានមានប្រសាសន៍ថា វាជាកិត្តយសមួយសម្រាប់រូបលោក ដែលទទួលបានការផ្តល់ទំនុកចិត្តសម្រាប់ការតែងតាំងនេះ។ លោកបន្តថា វាជាឱកាសនៃការបង្កើតប្រាក់ចំណូលផង និងជាបញ្ហាប្រឈមផង ព្រោះក្នុងនាមជាទូតសុឆន្ទៈ ទទួលបន្ទុកការងារនេះ យើងត្រូវតែទទួលខុសត្រូវលើការងាររបស់យើង ដើម្បីជម្រុញការលក់ឲ្យបានជោគជ័យ។

បុរី DE ELEMENTS ជាបុរីបែបក្លាស្ទ័រដំបូងគេនៅរាជធានីភ្នំពេញ ដោយអតិថិជនអាចទិញបានទាំងជនជាតិខ្មែរ និងបរទេសតាមរយៈការប្រើប្រាស់ប័ណ្ណ សម្គាល់អចលនវត្ថុបែបStrata ដោយអតិថិជន ឬអ្នកវិនិយោគតាមទម្រង់៣ខុសៗគ្នា ដូចជា ទី១ ការទិញផ្ទះបែបBare units ទី២ ការទិញផ្ទះដែលមានការបំពាក់ សម្ភារៈបរិក្ខា និងការទិញផ្ទះ ដែលអាចជួលត្រលប់មកវិញ ជាមួយការជួលត្រលប់ក្នុងអត្រា៨ភាគរយប្រចាំឆ្នាំ។

គំរោង DE ELEMENTS ជាការរួមបញ្ចូលគ្នានូវរចនាបទបែបសហសម័យ ដែលមានអាងហែលទឹក កន្លែងហាត់ប្រាណ, Sky Bar បន្ទប់សម្រាប់កុមារលេងកំសាន្ត ចំណតរថយន្តធំទូលាយ និងការរស់នៅបែបសហគមន៍ដ៏រសរវើកមួយ។

លោក សូត្រ ចាន់សុផា នាយកប្រតិបត្តិទូទៅនៃបុរី DE ELEMENTS បានមានប្រសាសន៍ថា ការជ្រើសរើសលោកយិន លាងគង់ អគ្គនាយកគេហទំព័រPropertyarea.asia និងគេហទំព័រ Cambodiafinancialtimes.com ជាទូតសុឆន្ទៈមិនមែនជាការចៃដន្យឡើយ ប៉ុន្តែក្រុមហ៊ុនបានសិក្សាពីប្រវត្តិ និងគុណវុឌ្ឍិរបស់ស្ថាប័ននេះ ដែលបានផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធ៌មខ្ពស់ ពិសេសផ្តោតលើការផ្សព្វផ្សាយ ព័ត៌មានល្អៗពីកម្ពុជា ទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

លោកបន្តថា “បុរី DE ELEMENTS មានតែមួយគត់នៅកម្ពុជា ហើយការជ្រើសរើសស្ថាបនិក គេហទំព័រ Propertyarea.asia នឹងជួយជម្រុញ និងលើកតម្កើងតម្លៃនៃការអភិវឌ្ឍរបស់យើង”។ លោកបន្ថែមថា “តាមរយៈការផ្សព្វផ្សាយតាមរយៈគេហទំព័រនេះ យើងជឿថា ការលក់របស់យើងឲ្យកាន់តែទទួលបានជោគជ័យ”៕