មន្រ្តីជាន់ខ្ពស់ចិនប្រកាស ជួយកម្ពុជាលើការជីកព្រែកជីកហ្វូណនតេជោ

ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ចិនបានប្រកាសជាចំហ ក្នុងការជួយនិងគាំទ្រដល់គំរោងព្រែកជីកហ្វូណនតេជោ នាពេលខាងមុខឆាប់ៗនេះ។

លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានថ្លែងបែបនេះ ក្នុងពេលជួបពិភាក្សាការងារជាមួយ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាកាលពីថ្ងៃទី២៤ ឧសភាកន្លងមកនេះ។

លោក Wang Yi បានប្រាប់សមភាគីកម្ពុជាថា ក្នុងនាមជាមិត្តដែកថែប ចិនរីករាយពង្រឹងការប្រាស្រ័យទាក់ទងគ្នា នៃថ្នាក់ដឹកនាំជាន់ខ្ពស់ជាមួយភាគីកម្ពុជា បន្តជំរុញការសាងសង់ “ច្រករបៀងត្រីនិងស្រូវ” និង “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” រៀបចំផែនការ ក្នុងការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការ មានដូចជាផ្លូវដែក ផ្លូវថ្នល់ ប្រភពថាមពល និងកសិកម្មជាដើម ជួយកម្ពុជាក្នុងការរៀបចំយ៉ាងសកម្មនូវគម្រោងធារាសាស្រ្តចម្រុះ។

លោក Wang Yi បានបញ្ជាក់ថា “ភាគីចិនរីករាយលើកទឹកចិត្តសហគ្រាសចិនកាន់តែច្រើន មកបណ្តាក់ទុននៅកម្ពុជា ចែករំលែកបទពិសោធន៍របស់ខ្លួន ក្នុងការកសាងតំបន់សេដ្ឋកិច្ចពិសេស ជួយកម្ពុជាពន្លឿន ដំណើរការឧស្សាហូបនីយកម្ម គាំទ្រកម្ពុជាក្នុងការសម្រេចបាននូវការអភិវឌ្ឍន៍បៃតងកាបូនទាប ពង្រីកការនាំចូលផលិតផលកសិកម្មកម្ពុជា”។

លោកបន្តថា ភាគីទាំងពីរគួរតែចាប់យក “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងចិន និង កម្ពុជា”ជាឱកាស ពង្រឹងសម្រេចបាននូវមូលដ្ឋានគ្រឹះនៃមតិសាធារណៈ និងសង្គមក្នុងការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជា។

លោក Wang Yi បានបញ្ជាក់ទៀតថា ភាគីចិនសង្ឃឹមអាចពង្រឹងការសម្របសម្រួល សហការជាមួយកម្ពុជា ដើម្បីរួមគ្នាកសាងសហគមន៍វាសនារួម សម្រាប់ប្រទេសឡានឆាង-មេគង្គ និងសហការជាមួយប្រទេស ក្នុងតំបន់រួមទាំងកម្ពុជាផងដែរ ដើម្បីចាប់យកឱកាសដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងតំបន់ និងលុបបំបាត់ការជ្រៀតជ្រែក បំបែកបំបាក់ពីកម្លាំងខាងក្រៅ រួមគ្នាការពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ការពារផលប្រយោជន៍រួមនិងស្របច្បាប់របស់បណ្ដាប្រទេស ការពារក្រមប្រតិបត្តិមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ៕