សម្តេចធិបតីប្រកាសដាក់ចេញគោលដៅជាក់លាក់ចំនួន៣ ដើម្បីគ្របដណ្តប់សេវាសុខភាពជាសកល

      ដោយៈ គង់ សូរិយា

      ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់ សុខភាពជាសកលនៅកម្ពុជា” បានកំណត់គោលដៅជាក់លាក់ចំនួន៣។

ក្នុងឱកាសអញ្ជើញប្រកាស ដាក់ឱ្យអនុវត្តន៍ជាផ្លូវការផែនទីបង្ហាញផ្លូវ ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជាឆ្នាំ២០២៤-២០៣៥ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា” បានកំណត់គោលដៅជាក់លាក់ចំនួន៣ រួមមានទី១ ការពង្រីកវិសាលភាពនៃការគ្របដណ្ដប់សេវាសុខាភិបាល ជាសារវន្ត ឱ្យបានយ៉ាងហោចណាស់៨០ភាគរយ នៃប្រជាពលរដ្ឋសរុប។

បច្ចុប្បន្ននេះមានជិត៧លាននាក់ ស្មើនឹង៤១ភាគរយនៃប្រជាជន មានលទ្ធភាពគ្របដណ្តប់ដោយប្រព័ន្ធ គាំពារសង្គមតាមរូបភាពណាមួយ។ ដូច្នេះគោលដៅ “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា” រយៈពេល១២ឆ្នាំនេះ មានប្រជាពលរដ្ឋជិត១៤លាននាក់ អាចមានលទ្ធទៅរកសេវាសុខាភិបាលនៅជិតពួកគាត់ តាមរូបភាពប្រព័ន្ធគាំពារសង្គម ប័ណ្ណ ប.ប.ស ឬប័ណ្ណសមធម៌ ដែលចំណុចនេះ គឺជាកិច្ចសំខាន់របស់រាជរដ្ឋាភិបាល ត្រូវតែអនុវត្ត។

ទី២ ការបង្កើនសន្ទស្សន៍គ្របដណ្ដប់ សេវាសុខាភិបាលសារវន្ត ឱ្យបានយ៉ាងហោច៨០ភាគរយ ដោយបានដាក់ចេញសូចនាករច្បា​ស់លាស់ ដែលជាគោលដៅចាំបាច់ ត្រូវធ្វើឱ្យស្របនឹងគោលការណ៍របស់អង្គការអន្តរជាតិ។ ប៉ុន្តែដែលសំខាន់គឺការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍ នៃការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ធ្វើយ៉ាងណារុញឱ្យដល់ប្រជាពលរដ្ឋជាអតិប្បរមា ក្នុងការទទួលផលចៀសជាង អភិឌ្ឍន៍មកចែកតែមួយក្តាប់តូច ហើយនេះជាគោលដៅធំរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧។

ទី៣៖ ការកាត់បន្ថយទំហំចំណាយ ពីហោប៉ៅផ្ទាល់លើការថែរទាំសុខភាពឱ្យនៅត្រឹម៣៥ភាគរយ នៃចំណាយសរុបលើវិស័យសុខាភិបាលនៅជិតផ្ទះ ដែលមានតម្លៃសមរម្យ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “កាលណាប្រទេសមានការរីកចម្រើន តម្លៃសេវាសុខាភិបាលត្រូវតែឡើងថ្លៃ ទៅតាមការធ្វើទំនើបកម្មសេវា ប៉ុន្តែត្រូវរកវិធីទប់កុំឱ្យលុយ ប្រជាពលរដ្ឋចេញពីហោប៉ៅខ្ពស់ពេក”។

សម្តេចបន្តថា “ការពង្រឹង និងធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសុខាភិបាល ទំនើបកម្មឧបករណ៍បរិក្ខារ លើកកម្ពស់គុណភាពថ្នាំ បង្កើនសមិទ្ធផលនៅតាមមូលដ្ឋាន ពង្រឹងក្រមប្រតិបត្តិ ពង្រឹងការកសាងធនធានមនុស្ស និងជំរុញបន្ថែមទៅមូលដ្ឋាន និងលើកទឹកចិត្ត និងផ្ដល់សិទ្ធិឱ្យវិស័យឯកជនក្នុង និងក្រៅប្រទេសចូលរួម”៕