AMRO ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់ ៥,៦ភាគរយ នៅឆ្នាំ២០២៤នេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងយ៉ាងរឹងមាំនៅឆ្នាំ២០២៤ ដែលជំរុញដោយការកើនឡើងនៃការនាំចេញ និងការបន្តស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។

លោក Jinho Choi សេដ្ឋវិទូជាន់ខ្ពស់របស់ស្ថាប័ន AMRO បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ​សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យា​ករណ៍ថា នឹងកើនឡើង៥,៦% នៅឆ្នាំ២០២៤ និង៥,៩% នៅឆ្នាំ២០២៥ ដែលកើនឡើងពី៥% ក្នុងឆ្នាំ២០២៣។

លោកបានបន្ថែមថា “ការងើបឡើងវិញនៃវិស័យកាត់ដេរ កំនើនប្រកបដោយនិរន្តរភាព នៃការនាំចេញផលិតកម្មផ្សេងទៀត និងការបន្តស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ នឹងគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជា”។

ទោះជាយ៉ាងណាក្តី ដំណើរនៃការងើបឡើងវិញអាចរងផលប៉ះពាល់ពីហានិភ័យខាងក្រៅ និងភាពងាយរងគ្រោះក្នុងស្រុក ជាពិសេ​សការដាំក្បាលចុះ នៃវិស័យអចលនទ្រព្យ និងការធ្លាក់ចុះនៃគុណភាពឥណទាន។

ជាមួយគ្នានេះ លោក Hoe Ee Khor ប្រធានសេដ្ឋវិទូរបស់ការិយាល័យ AMRO បានមានប្រសាសន៍ឱ្យដឹងថា កម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុត នៅក្នុងតំបន់អាស៊ាន។

លោកបានប្រាប់សារពត៌មាន Xinhua តាមរយៈសារអ៊ីមែល ថា “កំណើនក្នុងវិស័យកាត់ដេរនៅកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងស្ទុះងើបឡើងវិញជាលំដាប់នៅឆ្នាំនេះ ដោយសារតម្រូវការដ៏រឹងមាំសម្រាប់ទំនិញប្រើប្រាស់ នៅក្នុងទីផ្សារជឿនលឿនធំៗ”។ លោកបន្ថែមថា “ដូចគ្នានេះដែរ វិស័យមិនមែនកាត់ដេរត្រូវបានព្យាករណ៍ថា នឹងរក្សាបាន នូវសន្ទុះកំណើនដ៏រឹងមាំរបស់ខ្លួន ដែលគាំទ្រដោយស្ថិរភាពនៃលំហូរវិនិយោគផ្ទាល់ពីបរទេស(FDI)”។

សេដ្ឋវិទូរូបនេះបានបន្តថា “ការស្ទុះងើបឡើងវិញនៃវិស័យទេស​ចរណ៍ ដែលជំរុញដោយការបង្កើនលទ្ធភាពជើងហោះហើរ និងការត្រឡប់មកវិញបន្តិចម្តងៗ នៃភ្ញៀវទេសចរណ៍បរទេស គួបផ្សំនឹងការប្រើប្រាស់ក្នុងស្រុក នឹងជំរុញឱ្យវិស័យសេវាកម្ម បង្ហាញសញ្ញាប្រសើរឡើងវិញជាបន្តបន្ទាប់”។

យ៉ាងណាមិញ លោក Hoe Ee Khor បានគូសបញ្ជាក់ថា វិស័យសំណង់អាចស្ទុះងើបឡើងវិញយឺតសន្សឹមៗ ដោយក្នុងនោះ អត្រាកំណើនមិនទាន់អាចវិលត្រឡប់ ទៅកាន់កម្រិតមុនផ្ទុះជំងឺរាតត្បាតនៅឡើយ ដោយសារការបន្តធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ។

លោក​បន្ថែមថា​ “ការ​ជំរុញ​ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​នឹង​ជួយប៉ះប៉ូវ​មួយ​ផ្នែក ​ដល់ការដាំក្បាលចុះក្នុង​វិស័យ​អចលនទ្រព្យ​”។

ចំណែកឯ អតិផរណាសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) នៅកម្ពុជាត្រូវបានព្យាករណ៍ថា នឹងស្ថិតក្នុងរង្វង់ត្រឹម២,៥ភាគរយនៅឆ្នាំ២០២៤ និង២,៦ភាគរយនៅឆ្នាំ២០២៥ខាងមុខ៕ ប្រភព: Xinhua៕