ដោយ: គង់ លាងហួរ
បាងកក: យោងតាមលោកស្រី Manaporn Charoensri អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ បានឱ្យដឹងថា វិនិយោគិនបរទេស និងវិនិយោគិនក្នុងស្រុក បានបង្ហាញចំណាប់អារម្មណ៍ ចំពោះគម្រោងសាងសង់ ចំណតនាវាទេសចរណ៍ថ្មីនៅលើកោះសាមុយ។
ក្រសួងដឹកជញ្ជូនថៃគ្រោងនឹងពិនិត្យមើលលទ្ធផល នៃការសិក្សាលទ្ធភាពសាងសង់គម្រោងនេះ ក្រោមគម្រូវិនិយោគភាពជាដៃគូសាធារណៈ និងឯកជន (PPP) មុននឹងបញ្ជូនសំណើរនេះទៅគណៈរដ្ឋមន្ត្រីដើម្បីស្នើសុំការអនុម័ត។
លោកស្រីបានបន្តថា “របាយការណ៍សិក្សា និងវិភាគទាក់ទងនឹងគំរូវិនិយោគ PPP នេះត្រូវបានធ្វើឡើងដោយនាយកដ្ឋានសមុទ្រ”។ លោកស្រីបន្តថា “បន្ទាប់ពីពិនិត្យលទ្ធផលរួច ក្រសួងនឹងស្នើគម្រោងនេះទៅក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) ដើម្បីពិនិត្យ”។
លោកស្រីបញ្ជាក់ថា គម្រោងនេះអាចនឹងត្រូវបានអនុម័ត ដោយគណៈរដ្ឋមន្ត្រីនៅខែកញ្ញាខាងមុខ។ ដូច្នេះ ដំណើរការនៃការជ្រើសរើសដៃគូឯកជនអាចចាប់ផ្តើមបាន។ បន្ទាប់ពីមក យើងនឹងធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសុខភាព (EHIA) ដោយត្រូវចំណាយពេលប្រហែល១៨ខែ។
មន្ត្រីជាន់ខ្ពស់ថៃរូបនេះ បានមានប្រសាសន៍ឱ្យដឹងបន្តទៀតថា ការសាងសង់ អាចនឹងចាប់ផ្តើមនៅឆ្នាំ២០២៩ ហើយគម្រោងនេះនឹងត្រូវបើកដាក់ឱ្យដំណើរការនៅឆ្នាំ២០៣១ខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយកាសែត Bangkok Post។
ទុនវិនិយោគប្រហែល៣៣៤,៣លានដុល្លារ នឹងត្រូវចាក់បញ្ចូលទៅក្នុងគម្រោងនេះ ដែលរួមមានការស្ថាបនាស្ថានីយអ្នកដំណើរទំហំ៧.២០០ម៉ែត្រការ៉េ ដែលមានសមត្ថភាពផ្ទុកអ្នកដំណើរបាន១.២០០នាក់ក្នុងមួយម៉ោង និងចំណតនាវាទេសចរណ៍ ដែលអាចផ្ទុកនាវាទេសចរណ៍ចំនួន២គ្រឿង ក្នុងពេលដំណាលគ្នា ដែលនាវានីមួយៗមានអ្នកដំណើរចំនួន៤.០០០នាក់។
លោកស្រី Manaporn បានបន្ថែមថា ភ្ញៀវទេសចរណ៍នៅលើនាវាត្រូវបានគេរំពឹងថា នឹងចំណាយប្រាក់ប្រហែល១៣៧ដុល្លារ រាល់ពេលដែលពួកគេ មកកំសាន្តនៅក្នុងប្រទេសថៃ។ គម្រោងនេះត្រូវបានគេប៉ាន់ប្រមាណថា នឹងបង្កើតនូវប្រាក់ចំណូលសរុបចំនួន ២៣៣,៤៨លានដុល្លារ៕
ប្រភព: Bangkok Post