ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ និយ័តករមូលបត្រកម្ពុជា-ឡាវ បានបន្តសហការគ្នាលើកការអភិវឌ្ឍទីផ្សារមូលបត្រ នៃប្រទេសសមាជិកអាស៊ានទាំងពីរនេះ ឱ្យកាន់តែមានភាពរីកចំរើនមួយកម្រិតទៀត ជាពិសេសគឺការចែករំលែកនូវព័ត៌មាន នៃវិស័យនេះឱ្យគ្នាទៅវិញទៅមក។
លោក ស៊ូ សុជាតិ អគ្គនាយនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) កាលពីថ្ងៃទី១៦ ខែឧសភាបានដឹកនាំសហការីចូលរួមកិច្ចប្រជុំទ្វេរភាគីលើកទី២ និងសិក្ឋាសាលាចែករំលែកបទពិសោធន៍ ជាមួយគណៈកម្មការមូលបត្រឡាវ (LSCO) ដែលដឹកនាំដោយលោកស្រី Fongchinda Sengsourivong អគ្គលេខា-ធិការនៃ LSCO ដែលបានរៀបចំឡើងនៅស្រុកវ៉ាងវៀង ទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
បើយោងតាមន.ម.ក. កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី រវាងនិយ័តករទាំងពីរ ដោយបានផ្លាស់ប្តូរព័ត៌មាន អំពីស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍទីផ្សារមូលបត្រ និងទស្សនវិស័យ និងបានពិភាក្សាអំពីផែនការកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ ២០២៤។
ន.ម.ក. បានចូលរួមចែករំលែកបទពិសោធន៍ ពាក់ព័ន្ធនឹងការលើកកម្ពស់ការអប់រំក្នុងវិស័យមូលបត្រ, ការបង្កើតភ្នាក់ងារវាយតម្លៃលទ្ធភាពសងនៅកម្ពុជា, ការពង្រីក និងការគ្រប់គ្រងវិនិយោគិនក្នុងស្រុក និងបរទេស និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងទណ្ឌកម្មផ្នែករដ្ឋបាល។
លោក សុជាតិ បានថ្លែងក្នុងសិក្ខាសាសានោះថា ដោយកិច្ចសហប្រតិបត្តិការ រវាងនិយ័តករទាំងពីរមានភាពជិតស្និទ្ធ យើងបង្កើតឡើងដោយស្មារតីបើកចំហ ការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈម និងចាប់យកឱកាស ខ្ញុំជឿជាក់ថា តាមរយៈទំនាក់ទំនងទ្វេភាគី កិច្ចខិតខំប្រឹងប្រែងរួមរបស់យើងនឹងត្រួសត្រាយផ្លូវឈានទៅរកការវិវត្តដ៏សំខាន់ និងអនាគតដ៏ប្រសើរសម្រាប់និយ័តករទាំងពីរ។
ជាមួយគ្នានេះ លោកស្រី Fongchinda Sengsourivong បានថ្លែងថាជាមួយចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ ដែលបានចែករំលែករវាងនិយ័តករទាំងពីរ បានពង្រឹង និងផ្ដល់ឱ្យអ្នកចូលរួមនូវព័ត៌មានដែលអាចអនុវត្តន៍ ក្នុងការអភិវឌ្ឍទីផ្សារមូលបត្ររបស់ប្រទេសទាំងពីរ។
លោកស្រីបានថ្លែងថា “ខ្ញុំជឿជាក់ថា ទំនាក់ទំនងដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងនិយ័តករទាំងពីរ នឹងអភិវឌ្ឍ និងរីកចម្រើនបន្ថែមទៀត ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ ក៏ដូចជាការអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ និងអន្តរជាតិ”៕
ផ្ដល់សិទ្ធិដោយ៖ Property Area