ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកប៉េង ពោធិ៍នា និងលោក Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជាបានរួមគ្នា ប្រគល់វិញ្ញាបនបត្រជូនដល់មន្ត្រីរាជការ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល ជំនាញសំណង់ផ្លូវដែក ពីប្រទេសម៉ាឡេស៊ី។
កម្មវិធីនេះធ្វើឡើងបន្ទាប់ក្នុងជំនួបសម្តែងការគួរសម រវាងលោកទូត ម៉ាឡេស៊ីប្រចាំកម្ពុជា និងរដ្ឋមន្រ្តីសាធារណៈការ ។
តាមរយៈជំនួបនេះ លោករដ្ឋមន្ត្រីប៉េង ពោធ៍នា និងលោកអគ្គរាជទូត បានពិភាក្សាលើការងារមួយចំនួន ពាក់ព័ន្ធនឹងការតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលរួមមាន ការធ្វើឱ្យប្រសើរឡើងនូវផ្លូវដែកដែលមានស្រាប់នៅកម្ពុជា ការដឹកជញ្ជូនតាមផ្លូវទឹក និងការបណ្តុះបណ្តាលមូលធនមនុស្ស ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ពិសេសលើជំនាញផ្លូវដែក តាមរយៈការបញ្ជូនមន្ត្រីរាជការទៅចូលរួមវគ្គបណ្តុះបណ្តាលនានា នៅប្រទេសម៉ាឡេស៊ី នាពេលកន្លងមក។
ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី រួមជាមួយលោកអគ្គរាជទូត ក៏បានផ្តល់កិត្តយស អញ្ជើញប្រគល់នូវវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់មន្ត្រីរាជការ នៃនាយកដ្ឋានផ្លូវដែក ចំនួន ០៤រូប ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញសំណង់ផ្លូវដែក នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីផងដែរ៕
ផ្ដល់សិទ្ធិដោយ៖ Property Area