ប្រាសាទអង្គរវត្ត របស់កម្ពុជា ស្ថិតនៅក្នុងចំណោមគោលដៅទេសចរណ៍សម្រាប់ទស្សនាទិដ្ឋភាពសុរិយាអស្ដង្គតដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក

      ដោយៈ សហការី

      សៀមរាបៈ យោងតាមសំណេរបង្ហោះនៅលើទំព័រហ្វេសប៊ុក Seasia Stats របស់ឥណ្ឌូណេស៊ីបានរៀបរាប់ថា ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា រួមទាំងរមណីយដ្ឋានកោះបាលី (Bali) ប្រទេសឥណ្ឌូណេស៊ី និងកោះបូរ៉ាកាយ (Boracay) ប្រទេសហ្វីលីពីន ស្ថិតនៅក្នុងចំណោមគោលដៅ សម្រាប់ទស្សនាទិដ្ឋភាពនាពេលថ្ងៃលិច ដ៏ស្រស់ស្អាតបំផុត នៅលើពិភពលោក ក្នុងឆ្នាំ ២០២៣។

អង្គរវត្តកម្ពុជាជាប់ក្នុងចំណោមទីតាំងទស្សនាថ្ងៃលិចដ៏ពេញនិយមបំផុតនៅអាស៊ី

ខាងលើនេះ ជាខ្លឹមសារដកស្រង់ចេញពីគេហទំព័រ Bounce របស់អូស្ត្រាលី ដែលចុះផ្សាយអំពីចំណោមទិសដៅ ទេសចរណ៍សម្រាប់ទស្សនាទិដ្ឋភាពសុរិយាអស្ដង្គត ដ៏ស្រស់ស្អាតបំផុតទាំង ១៥ លើពិភពលោក ក្នុងឆ្នាំ ២០២៣ ។

គេហទំព័រនេះបានធ្វើការវិភាគ រាល់ចំនួនអត្ថបទ/Blogs ដែលបានណែនាំ នៅលើបណ្តាញអ៊ីនធឺណិត ក៏ដូចជាតួលេខនៃការបង្ហោះទិដ្ឋភាពថ្ងៃលិច នៅលើបណ្តាញសង្គមអ៊ីនស្តាក្រាម (Instagram) រួមទាំងការផ្តល់ពិន្ទុ សម្រាប់ចំណាត់ថ្នាក់តាមទីកន្លែងនីមួយៗ ។

នៅក្នុងចំណោមគោលដៅទេសចរណ៍ទាំងអស់នេះ ទីក្រុងអ៊ូលូរូ (Uluru) របស់ប្រទេសអូស្ត្រាលី ជាប់ចំណាត់ថ្នាក់លេខ១ ដោយទទួលបានពិន្ទុ៩.១៣ ក្នុងចំណោម១០ពិន្ទុ។ ទន្ទឹមនឹងនោះ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ប្រាសាទអង្គរវត្ត របស់កម្ពុជា ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៥ ដោយទទួលបានពិន្ទុ៨.៥៤ ខណៈកោះបាលី របស់ឥណ្ឌូណេស៊ី ស្ថិតក្នុងចំណាត់ថ្នាក់លេខ៧ ដោយទទួលបានពិន្ទុ ៨.២០។

ជាមួយគ្នានេះកោះបូរាកាយ ប្រទេសហ្វីលីពីន ស្ថិតនៅក្នុងចំណាត់ថ្នាក់ទី៩ ជាមួយនឹងពិន្ទុ៧.៩៤ និងភ្នំភ្លើងប្រូម៉ូ (Mount Bromo) ស្ថិតក្នុងចំណាត់ថ្នាក់ទី១៤ ជាមួយនឹងកម្រិតពិន្ទុ៦.៧៨ ៕