លោក Frank McCourt គ្រោងដេញថ្លៃទិញប្រតិបត្តិកររបស់ TikTok នៅសហរដ្ឋអាមេរិក

ដោយ: គង់ លាងហួរ
អន្តរជាតិ: មហាសេដ្ឋីអាមេរិកលោក Frank McCourt អតីតម្ចាស់ក្រុមហ៊ុន Los Angeles Dodgers បានប្រកាសនៅសប្តាហ៍នេះថា លោកកំពុងដាក់ការដេញថ្លៃ ដើម្បីទិញប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយម TikTok ខណៈអនាគតរបស់ TikTok នៅសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា។

យោងតាមច្បាប់ ដែលចុះហត្ថលេខា ដោយលោកប្រធានាធិបតី ចូ បៃដិន កាលពីថ្ងៃទី២៤ ខែមេសា បានទុករយៈពេលឱ្យក្រុមហ៊ុនចិន ByteDance ដែលជាម្ចាស់វេទិកា Tik tok ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដើម្បីលក់ TikTok បើពុំនោះទេ វេទិកានេះនឹងត្រូវបិទលែងឱ្យប្រើប្រាស់នៅសហរដ្ឋអាមេរិក។

ច្បាប់នេះត្រូវបានអនុម័ត ដោយសមាជិកសភាអាមេរិក ដោយសារតែការព្រួយបារម្ភថា ចិនអាចចូលប្រើទិន្នន័យរបស់ជនជាតិអាមេរិក ឬតាមដានពួកគេតាមរយៈកម្មវិធីTik tok។
លោក McCourt បានប្រកាសថា អង្គការProject Liberty របស់លោកកំពុងបង្កើតសម្ព័ន្ធមួយ ដើម្បីទិញយកប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិក ដោយមានការប្រឹក្សាជាមួយធនាគារវិនិយោគសកល Guggenheim Partners និងក្រុមហ៊ុនច្បាប់ Kirkland & Ellis ។

អង្គការនេះបានអះអាងថា លោក Tim Berners-Lee ស្ថាបនិក World Wide Web និងលោកDavid Clark អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមន្ទីរពិសោធន៍វិទ្យាសាស្ត្រកុំព្យូទ័រ និងបញ្ញាសិប្បនិម្មិតMIT ក៏ស្ថិតក្នុងចំណោមអ្នកគាំទ្រការដេញថ្លៃនេះផងដែរ។
លោក McCourt បន្តថា “តាមរយៈការនាំមកនូវអ្នកសិក្សា អ្នកបច្ចេកទេស អ្នកវិទ្យាសាស្ត្រ អ្នកចិត្តសាស្រ្ត និងអ្នកជំនាញសេដ្ឋកិច្ច រួមជាមួយដៃគូសហគមន៍ ឪពុកម្តាយ និងប្រជាពលរដ្ឋ យើងជឿជាក់ថា យើងអាចរក្សានិងបង្កើនបទពិសោធន៍ TikTok ដោយផ្តល់ឱ្យបុគ្គល និងអ្នកបង្កើតមាតិកានូវតម្លៃ និងការគ្រប់គ្រងដែលពួកគេសមនឹងទទួលបាន”។

លើសពីនេះ លោក McCourt មានបំណងធ្វើកែទម្រង់បណ្តាញសង្គម TikTok ទៅជាកំណែអ៊ីនធឺណិតថ្មី និងកាន់តែល្អប្រសើរជាងមុន ដែលបុគ្គលឬអ្នកប្រើប្រាស់ម្នាក់ៗ ត្រូវបានគោរព ហើយពួកគេជាម្ចាស់ ដែលមានសិទិ្ធគ្រប់គ្រងអត្តសញ្ញាណ និងទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេបាន៕

ប្រភព: Yahoo Finance / ផ្ដល់សិទ្ធិដោយ: Property Area