អ្នកទិញផ្ទះនៅប្រទេសម៉ាឡេស៊ី ប្រឈមមុខនឹងបញ្ហា និងការចំណាយជាច្រើន បន្ទាប់ពីផ្លាស់ចូលរស់នៅ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្តីសុបិនរបស់ប្រជាជនម៉ាឡេស៊ីវណ្ណៈកណ្តាល ដែលប្រាថ្នាចង់ទិញផ្ទះបានក្លាយជាការពិត ប៉ុន្តែចំពោះប្រជាជនភាគច្រើនផ្សេងទៀត វាគ្រាន់តែជាក្តីសុបិន ដែលមិនអាចសម្រេចបាន ខណៈតម្លៃផ្ទះ កំពុងកើនឡើងហួសពីលទ្ធភាពរបស់ពួកគេ។

លំនៅដ្ឋានមួយចំនួនធំ ដែលបានដាក់លក់ នៅក្នុងប្រទេសម៉ាឡេស៊ី គឺជាប្រភេទលំនៅដ្ឋានទទេ ដែលអ្នកទិញត្រូវតែធ្វើការជួសជុលដោយខ្លួនឯង ដូចជា ការសាងសង់ផ្ទះបាយជាដើម មុនពេលអាចចូលរស់នៅ និងហៅវាថាជា “ផ្ទះ”បាន។

តួយ៉ាង នៅតំបន់ Klang Valley អាផាតម៉ិន មានតម្លៃអប្បបរមា៣០០.០០០រីងហ្គីត ក្នុងមួយយូនីត ខណៈពេលដែលការងារជួសជុលមូលដ្ឋាន អាចមានតម្លៃប្រហែល២០.០០០រីងហ្គីត ឬច្រើនជាងនេះ។

លើសពីនេះ អតិថិជនក៏ត្រូវចំណាយ លើអ្វីផ្សេងទៀតផងដែរ ដូចជា ប្រាក់កក់សម្រាប់ថ្លៃទឹក-ថ្លៃភ្លើង និងថ្លៃសេវា ការធានារ៉ាប់រងផ្ទះ ពន្ធលើអចលនទ្រព្យ និងថ្លៃថែទាំជាដើម។

ថ្វីបើអតិថិជនត្រូវបង់ប្រាក់អស់ច្រើន ប៉ុន្តែចុងក្រោយពួកគេភាគច្រើនបែរ ជាទទួលបានផ្ទះ ដែលមិនមានគុណភាពល្អទៅវិញ ហើយអ្នកអភិវឌ្ឍន៍ ក៏គ្មានទំនួលខុសត្រូវចំពោះអតិថិជនរបស់ខ្លួន។ បញ្ហាទូទៅ ដែលម្ចាស់ផ្ទះប្រឈមមុខ រួមមាន ខ្សែភ្លើងមិនមានស្តង់ដារខ្ពស់ ផ្ទះមានស្នាមប្រេះច្រើន និងការលេចជ្រាបទឹកជាដើម។

ជុំវិញបញ្ហានេះ អ្នកអភិវឌ្ឍន៍មួយចំនួនបានឆ្លើយយករួចខ្លួន ដោយដាក់ការស្តីបន្ទោស ទៅលើលក្ខខណ្ឌអាកាសធាតុ។ ការឆ្លើយតបបែបនេះ អាចមានប្រសិទ្ធិភាព សម្រាប់អតិថិជន ដែលបានទិញផ្ទះកាលពីប៉ុន្មានទសវត្សរ៍មុនប៉ុណ្ណោះ ប៉ុន្តែហេតុផលបែបនេះ មិនមានប្រសិទ្ធភាពចំពោះអតិថិជន ដែលបានទិញផ្ទះក្នុងរយៈពេល១០ ទៅ១៥ឆ្នាំចុងក្រោយនេះនោះទេ ដោយសារបច្ចុប្បន្ននេះ អតិថិជនមានការយល់ដឹងកាន់តែច្រើន អំពីផលប៉ះពាល់អវិជ្ជមាន នៃអាកាសធាតុ និងការកើនឡើងកំដៅផែនដី។

អតិថិជនម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា“យើងបានផ្លាស់ទៅរស់នៅផ្ទះនោះ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២១។ ចាប់តាំងពីពេលនោះមក មានស្នាមប្រេះ និងការលេចធ្លាយជាច្រើន។ យូនីតមួយចំនួន នៅក្នុងអគារអាផាតម៉ិនមានទឹកជ្រាប”។

អតិថិជន ដែលបានទិញអាផាតម៉ិន ដែលមានតម្លៃថោកនៅក្នុងតំបន់Klang Valley រូបនោះ បានបញ្ជាក់បន្ថែមថា “ខ្ញុំខ្លាចថា ថ្ងៃណាមួយ ផ្ទះនោះនឹងរលំហើយ។ ក្រៅពីបញ្ហាប្រព័ន្ធម៉ាស៊ីនត្រជាក់ ខ្សែភ្លើង និងសំណង់គ្មានគុណភាព នៅមានបញ្ហាជាច្រើន ដែលអតិថិជនកំពុងប្រឈមមុខ”។

ម្យ៉ាងទៀត រដ្ឋាភិបាលម៉ាឡេស៊ី ជាពិសេសក្រសួងកិច្ចការអ្នកប្រើប្រាស់ និងក្រសួងលំនៅដ្ឋាន នាយកដ្ឋានវាយតម្លៃ ក៏ដូចជាភ្នាក់ងារពាក់ព័ន្ធក្នុងការសាងសង់ ត្រូវតែសហការជួយដល់ម្ចាស់ផ្ទះ ដែលគ្មានទីពឹងទាំងនោះ។

ក្រុមអ្នកវិភាគលើកឡើងថា រដ្ឋាភិបាលគួរតែកែប្រែច្បាប់ ដើម្បីធានាថា អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ត្រូវទទួលខុសត្រូវចំពោះការងាររបស់ខ្លួន ដោយមិនគិតពីរយៈពេល ដែលអចលនទ្រព្យនោះត្រូវបានទិញយូរប៉ុណ្ណាហើយនោះទេ៕

ប្រភព: The Malaysian Reserve