ការវិនិយោគលើប្រេង និងឧស្ម័ននៅឥណ្ឌូនេសុី រំពឹងកើនដល់ទំហំទឹកប្រាក់ ១៤ពាន់លានដុល្លារនៅឆ្នាំនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រធាននិយតករ SKK Migas បានថ្លែងប្រាប់សារពត៌មាន Reuters ថា ឥណ្ឌូនេស៊ីរំពឹងថា ការវិនិយោគក្នុងវិស័យប្រេង និងឧស្ម័នរបស់ខ្លួននឹងកើនឡើង២៩ភាគរយនៅឆ្នាំ២០២៤នេះ ខណៈយើងកំពុងប្រណាំងប្រជែងគ្នាក្នុងការបង្កើនការខួងយក និងការរុករកប្រេង។

ការជំរុញភ្លាមៗក្នុងការវិនិយោគប្រេង និងឧស្ម័ន គឺជាកត្តាសំខាន់ ខណៈឥណ្ឌូនេសុី ដែលជាប្រទេសសម្បូរធនធាន គ្រោងដោះស្រាយការធ្លាក់ចុះនៃទិន្នផលប្រេង ស្របពេលមានការកើនឡើងនូវបញ្ហាប្រឈមផ្នែកហិរញ្ញប្បទានសម្រាប់គម្រោងឥន្ធនៈហ្វូស៊ីល។

លោក Dwi Soetjipto ប្រធាននិយតករប្រេងនិងឧស្ម័ន SKK Migas បានថ្លែងថា “ក្នុងចំណោមដើមទុនវិនិយោគសរុប ដែលបានគ្រោងទុកនៅឆ្នាំនេះ យើងរំពឹងថា ទុនចំនួន៤០ភាគរយនឹងមានប្រភពមកពីក្រុមហ៊ុនបរទេស រួមមានក្រុមហ៊ុន Eni ក្រុមហ៊ុន Exxon Mobil និងក្រុមហ៊ុន BP”។

លោក Soetjipto បានបន្តថា “ដើមទុនវិនិយោគទាំងនេះក៏នឹងត្រូវបានប្រើ ដើម្បីជំរុញការរុករក និងការខួងយកប្រេងផងដែរ។ ការវិនិយោគលើប្រេង និងឧស្ម័ន នឹងកើនឡើង២៩%ដល់ទំហំទឹកប្រាក់១៧ពាន់លានដុល្លារនៅឆ្នាំនេះ បើធៀបនឹងកំណើនត្រឹមតែ១៣%ប៉ុណ្ណោះកាលពីឆ្នាំមុន”។

លោកបានមានប្រសាសន៍ឱ្យដឹងទៀតថា “យើងខួងបាន៧៩០អណ្តូងកាលពីឆ្នាំមុន។ នៅឆ្នាំនេះ យើងកំពុងរៀបចំផែនការខួងឱ្យបានប្រហែល៩៣០អណ្តូង”។ លោកបានបន្ថែមថា ការចំណាយទុនលើការរុករកនឹងកើនឡើងដល់១,៤ពាន់លានដុល្លារបើធៀបនឹង០,៩ពាន់លានដុល្លារកាលពីឆ្នាំមុន។

លោក Soetjipto បានបញ្ជាក់ថា តម្រូវការនៃការកាត់បន្ថយកាបូន (Decarbonization) សម្រាប់គម្រោងឥន្ធនៈហ្វូស៊ីល គឺជាបញ្ហាប្រឈមដ៏ធំមួយ ដោយសារមូលនិធិវិនិយោគភាគច្រើនបានប្រភពមកពីធនាគារបរទេស។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបង្ហាញគោលបំណងចង់ផ្លាស់ប្តូរនិន្នាការនេះ និងកំណត់គោលដៅបង្កើនការផលិតប្រេងដល់១លានបារ៉ែល និងឧស្ម័នស្តង់ដារចំនួន១២ពាន់លានហ្វីតគូបក្នុងមួយថ្ងៃនៅត្រឹមឆ្នាំ២០៣០ខាងមុខ៕ប្រភព: Reuters៕