ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលអូស្ត្រាលី បានដាក់ចេញយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីដោះស្រាយទីផ្សារលំនៅដ្ឋាន ដែលកំពុងជួបវិបត្តិខ្វះខាតការផ្គត់ផ្គង់ រហូតនាំឱ្យតម្លៃផ្ទះនៅក្នុងប្រទេសមួយនេះ ហក់ឡើងខ្ពស់កប់ពពក។
ជាក់ស្តែង នៅត្រីមាសទី១ ឆ្នាំ២០២៤នេះ តម្លៃផ្ទះជាមធ្យមនៅក្នុងទីក្រុងស៊ីដនី បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ចំនួន៩,៦ភាគរយ ដល់១.១៣៩.៣៧៥ដុល្លារក្នុងមួយយូនីត ខណៈតម្លៃផ្ទះនៅទីក្រុងម៊ែលប៊នបានកើនឡើង៣,២% ដល់៧៧៨.៨៩២ដុល្លារក្នុងមួយយូនីត។
ដើម្បីឆ្លើយតបនឹងបញ្ហានេះ អូស្តា្រលីបានបោះទុនបន្ថែមចំនួន៦,២ពាន់លានដុល្លារ សម្រាប់វិធានការថ្មី ក្នុងការជំរុញការផ្គត់ផ្គង់លំនៅដ្ឋាន តាមរយៈការវិនិយោគលើលំនៅដ្ឋានសង្គម ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការស្នាក់នៅរបស់សិស្ស។
ទុនវិនិយោគថ្មីនេះ បានបូកបន្ថែមពីលើគម្រោង Homes for Australia ដែលទើបត្រូវបានបង្កើតថ្មី ដែលមានទំហំទឹកប្រាក់៣២ពាន់លានដុល្លារ។ គម្រោងនេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងជំរុញការសាងសង់ផ្ទះថ្មី ចំនួន១,២លានយូនីត ក្នុងរយៈពេល៥ឆ្នាំខាងមុខ។
ហេរញ្ញិកអូស្ត្រាលី លោក Jim Chalmers បានថ្លែងសុន្ទរកថារបស់លោកទៅកាន់សភាថា “គោលដៅសំខាន់ចំនួន២នៃការអនុម័តថវិកាវិនិយោគនេះ គឺដើម្បីបន្ធូរបន្ថយថ្លៃដើមនៃការរស់នៅ និងការកសាងផ្ទះបន្ថែមទៀត សម្រាប់ប្រជាជនអូស្ត្រាលី”។
លោក Chalmers បានបន្តថា “ក្នុងរយៈពេល៥ឆ្នាំខាងមុខរាប់ចាប់ពីខែកក្កដា ឆ្នាំនេះ យើងមានគោលបំណងសាងសង់ផ្ទះចំនួន១,២លានយូនីត”។ លោកបន្ថែមថា “គោលដៅរបស់យើងគឺមានមហិច្ឆតា ប៉ុន្តែយើងនឹងអាចសម្រេចបាន ប្រសិនបើយើងទាំងអស់គ្នាធ្វើការជាមួយគ្នា”។
រដ្ឋាភិបាលអូស្ត្រាលីបោះទុនបន្ថែម៦ពាន់លានដុល្លារដើម្បីដោះស្រាយវិបត្តិលំនៅដ្ឋានចំណែក លោកស្រី Julie Collins រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋានអូស្ត្រាលីបានលើកឡើងថា “ការបង្កើនការផ្គត់ផ្គង់ គឺជាដំណោះស្រាយដ៏ល្អបំផុត និងយូរអង្វែងបំផុត ចំពោះកង្វះលំនៅដ្ឋាននៅក្នុងប្រទេសអូស្ត្រាលី”៕