ដោយ: គង់ លាងហួរ
អន្តរជាតិ: កប៉ាល់ទេសចរណ៍ល្បឿនលឿន ឈ្មោះ Thang Long ដែលអាចផ្ទុកអ្នកដំណើរបានជាង១.០០០នាក់ បានចាប់ផ្តើមប្រតិបត្តិការពីទីក្រុងហូជីមិញ ទៅកាន់ប្រជុំកោះ Con Dao កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ។
កប៉ាល់នេះ គឺជាកប៉ាល់ដឹកអ្នកដំណើរ ដែលមានល្បឿនលឿនបំផុតនៅក្នុងប្រទេសវៀតណាម ដែលមានប្រវែងជាង៧៧ម៉ែត្រ និងអាចផ្ទុកអ្នកដំណើរបានចំនួន១.០១៧នាក់។
កប៉ាល់នេះអាចបើកបរ ក្នុងល្បឿនជាង៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយត្រូវចំណាយពេលប្រហែល៤ម៉ោង ក្នុងការធ្វើដំណើរចាកចេញពីទីក្រុងហូជីមិញ ឆ្ពោះទៅកាន់តំបន់គោលដៅទេសចរណ៍ Con Dao។
កប៉ាល់ទេសចរណ៍នេះ បើកដាក់ឱ្យដំណើរការចំនួន៣ដង ក្នុងមួយសប្តាហ៍ ហើយកប៉ាល់នេះ ថែមទាំងអាចកាត់បន្ថយការពុល និងធានាសុវត្ថិភាព សម្រាប់អ្នកដំណើរ។ នេះបើយោងតាមសារពត៌មាន Vnexpress។
បច្ចុប្បន្ន សំបុត្រកំពុងដាក់លក់នៅតាមភ្នាក់ងារនានា ការិយាល័ យលក់សំបុត្រ និងគេហទំព័ររបស់ក្រុមហ៊ុន ក្នុងតម្លៃ២៤,១៦ទៅ៤៣,២២ដុល្លារអាមេរិក ក្នុងមនុស្សម្នាក់ អាស្រ័យលើប្រភេទសំបុត្រ និងពេលវេលាចេញដំណើរ។
លោក Bui Hoa An អនុប្រធាននាយកដ្ឋានដឹកជញ្ជូនទីក្រុងហូជីម៉ិញបានមានប្រសាសន៍ឱ្យដឹងថា ការដាក់ឱ្យប្រើប្រាស់កប៉ាល់ទេសចរណ៍ថ្មីនេះ នឹងជួយបង្កើនការតភ្ជាប់ នៅក្នុងតំបន់ភាគអាគ្នេយ៍ និងធ្វើពិពិធកម្ម ជម្រើសធ្វើដំណើរសម្រាប់ភ្ញៀវទេសចរណ៍។
ដោយស្ថិតនៅចម្ងាយប្រមាណ២៣០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងហូជីមិញ ប្រជុំកោះ Con Dao ធ្លាប់ត្រូវបានគេស្គាល់ថា ជាគុកដ៏ធំ ដែលបង្កើតឡើងដំបូងដោយជនជាតិបារាំង ហើយក្រោយមកទៀត តំបន់នេះត្រូវបានប្រើប្រាស់ ដោយទាហានអាមេរិកក្នុងអំឡុងសង្គ្រាមវៀតណាម។
យ៉ាងណាមិញ សព្វថ្ងៃនេះ ប្រជុំកោះ Con Dao បានប្រែក្លាយខ្លួន ទៅជាគោលដៅនៅលើផែនទី ទេសចរណ៍ពិភពលោក ដោយសារប្រជុំកោះនេះ មានឆ្នេរខ្សាច់ពណ៌សដ៏ស្រស់ស្អាត និងមានទឹកសមុទ្រពណ៌ខៀវថ្លាឈ្វេង៕
ប្រភព: Vnexpress / ផ្ដល់សិទ្ធិដោយ: Property Area