នាយករដ្ឋមន្រ្តីកូរ៉េថា កម្ពុជាគឺជាទិសដៅនៃការវិនិយោគ និងជាទីផ្សារដ៏មានសក្ដានុពល សម្រាប់វិស័យឧស្សាហកម្មកូរ៉េ

ដោយៈ ជេស៊ីកា
ប្រទេសកូរ៉េៈ លោកហាន់ ដុកស៊ូ (Han Duck-soo) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋកូរ៉េបានថ្លែងថា កម្ពុជាគឺជាទិសដៅនៃការវិនិយោគ និងជាទីផ្សារដ៏មានសក្ដានុពល សម្រាប់វិស័យឧស្សាហកម្មកូរ៉េ ជាពិសេសឧស្សាហកម្មយានយន្ត។

លោកបានលើកឡើងបែបនេះ ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង ឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ លោកហាន់ ដុកស៊ូ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសាធារណរដ្ឋកូរ៉េ និងបានរំលេចអំពីការឯកភាពដំឡើងនូវកម្រិតទំនាក់ទំនងកូរ៉េ -កម្ពុជាឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្ត” ហើយទំនាក់ទំនងនេះ នឹងចូលរួមចំណែកក្នុងការពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើវិស័យនានារវាងប្រទេសទាំងពីរ។

លោកក៏បានសម្តែងនូវការគាំទ្រ និងពេញចិត្ត ចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុនកូរ៉េ និងការជំរុញឱ្យមានយន្តការ នៃការជួបពិគ្រោះយោបល់ជាទៀងទាត់ រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា និងបានបង្ហាញនូវក្តីរីករាយ ក្នុងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការបន្ថែម តាមរយៈហិរញ្ញប្បទានឥតសំណង របស់ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ (KOICA) និងឥណទានសម្បទាន តាមរយៈមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF Loan)។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយ លោកនាយករដ្ឋមន្រ្តីកូរ៉េ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ ដែលបានឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្ត” ដែលជាទំនាក់ទំនងដ៏ល្អប្រសើរ។

សម្តេចធិបតីបានកោតសរសើរ ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់រដ្ឋាភិបាលកូរ៉េ ក្នុងការកសាង និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។ ទន្ទឹមនោះ សម្តេចធិបតីក៏បានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្រ្តីកូរ៉េថា វិស័យឯកជនមានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ដោយការពង្រឹងតួនាទីរបស់វិស័យឯកជន នឹងធ្វើឱ្យការអភិវឌ្ឍសង្គម -សេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត៕

ផ្ដល់សិទ្ធិដោយ: Property Area