សម្តេចតេជោៈ រដ្ឋាភិបាលថ្មីបើកការដ្ឋាន “ព្រែកជីកហ្វូណនតេជោ” កាន់តែឆាប់កាន់តែល្អ

ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសស្តីពី “ព្រែកជីកហ្វូណនតេជោ” ដោយសម្តេចជម្រុញឲ្យរដ្ឋាភិបាលថ្មី ជីកព្រែកជីកនេះ បានកាន់តែឆាប់កាន់តែល្អ។


ក្នុងសេចក្តីថថ្លែងសារពិសេសនារសៀលថ្ងៃទី១៦ ឧសភានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ចាត់ទុកការប្ដូរប្រូហ្វាល់របស់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាននៅលើបណ្ដាញសង្គមនានា ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ គឺជាចលនាជាតិដ៏ធំធេង ក្នុងស្មារតីស្នេហាជាតិ និងដើម្បីកំណើនសេដ្ឋកិច្ច និងសង្គមកម្ពុជា។
សម្ដេចតេជោ បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងព្រះសង្ឃគ្រប់អង្គដែលបានចូលរួមគាំទ្រ នូវគម្រោងព្រែកជីកនេះ។


សម្ដេចតេជោបានបញ្ជាក់ជាថ្មីថា “សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ គឺមិនមានក្ដីបារម្ភណាមួយ ចំពោះបញ្ហាបរិស្ថាន និងសង្គមនោះទេ ដូច្នេះកម្ពុជាត្រូវតែអនុវត្តន៍ គម្រោងព្រែកជីកនេះឱ្យខាងតែបាន”។


សម្ដេចបានមានប្រសាសន៍បញ្ជាក់ឡើងវិញថា គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគំនិតផ្ដួចផ្ដើមតែមួយគត់ ចេញពីកម្ពុជាសុទ្ធសាធ។ សម្ដេចតេជោ ជំទាស់យ៉ាងដាច់ណាត់ ចំពោះក្រុមប្រឆាំងជ្រុលនិយមមួយចំនួន ដែលបានឡើងឡើងថា គម្រោងព្រែកជីកនេះជាគំនិតផ្ដួចផ្ដើមរបស់ចិន និងធ្វើឡើងដើម្បីគាំទ្រដល់ដល់ចិន។


សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការសោកស្ដាយចំពោះក្រុមអ្នកវិភាគ ប្រឆាំងជ្រុលនិយមមួយក្ដាប់តូច ដែលនៅតែបន្តយករឿងព្រែកជីកហ្វូណននេះ មកភ្ជាប់នូវបញ្ហានយោបាយតំបន់ប្រឆាំងចិន។ សម្ដេចតេជោ សម្ដែងការសោកស្ដាយ ដែលក្នុងនាមជាបញ្ញវន្តមួយរូប ប៉ុន្ដែក្រុមអ្នកវិភាគប្រឆាំងមួយក្ដាប់តូចនោះ បែរជាបន្តយករឿងដែលជាសមិទ្ធផលសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិមកធ្វើជាឈ្នាន់នយោបាយរបស់ពួកគេ។


សម្ដេចតេជោបានបញ្ជាក់ថា “តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងចូលរួមផ្ដល់ផលចំណេញលើចម្ងាយផ្លូវប្រវែង១៦៩ គីឡូម៉ែត្រ ក្នុងការដឹកជញ្ជូនទំនិញ និងការធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ដែលផ្ដល់ភាពងាយស្រួលលើការដឹកញ្ជូន”។


សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងផ្ដល់ប្រព័ន្ធស្រោចស្របដល់បណ្ដាខេត្ត ទិសនីរតីនៃប្រទេសកម្ពុជា។ ព្រែកជីកនេះ អាចទាញទឹកឱ្យប្រជាជនសម្រាប់បង្កបង្កើនផល និងប្រើប្រាស់។ ដូច្នេះពលរដ្ឋនឹងបង្កើតបាននូវមុខរបរ ដូចជា ការធ្វើកសិកម្មពីធ្វើមួយលើក ទៅធ្វើពីរលើក ឬលើសពីនេះ។


សម្ដេចតេជោ បានសង្កត់ធ្ងន់ថា “កម្ពុជាមិនល្ងង់រហូតដល់សុខទៅទាញទឹកប្រៃ មកបំផ្លាញទឹកសាបខ្លួនឯងនោះទេ។ អ៊ីចឹង ផលប្រយោជន៍ គឺកម្ពុជាអាចបង្កើតបាននូវប្រព័ន្ធស្រោចស្រព នៃទិសនីរតី”។ សម្តេចបន្ថែមថា “ភាពបៃតងនៃទិសនីរតីរបស់កម្ពុជា នឹងកើតឡើងនៃការដាំដុះ ការដាំដើមឈើ ដោយសារកម្ពុជាមានបណ្ដាញទឹកស្រោចស្របដ៏ល្អនេះ”។


សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះ ក៏នឹងជួយទប់ស្កាត់បញ្ហាទឹកជំនន់នៅរដូវវស្សា ក្នុងប្រទេសកម្ពុជាផង និងបណ្ដាប្រទេសជិតខាងផងដែរ។ ក្រោយមានព្រែកជីកហ្វូណនតេជោ វិស័យទេសចរណ៍របស់ប្រទេសកម្ពុជា នៅទិសនីរតី ដូចការប្រសិទ្ធនាមថា តារារះនៅទិសនីរតីផងដែរ។


សម្ដេចតេជោជំរុញដល់រាជរដ្ឋភិបាលកម្ពុជា ពន្លឿនដល់ការបើកការដ្ឋានក្នុងការស្ថាបនា ព្រែកជីកហ្វូណនតេជោនេះតែម្ដង។


សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ផ្ដាំផ្ញើទៅប្រជាពលរដ្ឋ សូមចាប់អារម្ភលើឯករាជ្យភាពខាងនយោបាយ លើការដឹកជញ្ជូនរបស់កម្ពុជា។ កម្ពុជាមិនចាំបាច់យកវៀតណាម ធ្វើជាសត្រូវ ហើយវៀតណាម ក៏មិនចាំបាច់យកកម្ពុជាធ្វើជាសត្រូវដែរ។ ប៉ុន្ដែមានក្រុមប្រឆាំងជ្រុលនិយម ដែលនៅតែបន្តលើកឡើង នូវរឿងព្រែកជីកហ្វូណនតេជោនេះ ទៅភ្ជាប់នឹងបញ្ហាភូមិសាស្រ្តនយោបាយ ក្នុងតំបន់។


សម្ដេចបានរម្លឹកថា ព្រះបាទអង្គឌួង បានគិតគូរពីការស្ថាបនា ព្រែកជីកនេះ តាំងពីឆ្នាំ១៨៤០ មកម្ល៉េះ។ មានគេនិយាយថា បើធ្វើព្រែកជីកនេះ ចំណេញសួរថា កាលពីជាង៤០ឆ្នាំមុន ហេតុអ្វីមិនធ្វើព្រែកជីកនេះ ។ សម្ដេចបញ្ជាក់ថា ពេលនោះ កម្ពុជាក្រណាស់ មិនមែនកម្ពុជាមិនចង់ធ្វើនាពេលនោះទេ។


សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ទៀតថា សម្ដេចមិនត្រូវការឱ្យប្រជាជនកម្ពុជា និងវៀតណាមស្អប់គ្នា នឹងយកគ្នាធ្វើជាសត្រូវនោះទេ។ សម្ដេចតេជោ ចង្អុលបង្ហាញថា ការធ្វើព្រែកជីកនេះ គឺនឹងបន្សល់ទុកដល់កម្ពុជា លើសពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នោះគឺការឯករាជ្យខាងនយោបាយ លើវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា៕