តើមហាសេដ្ឋីកំពូលទាំង៥នៅតំបន់អាស៊ីមានទ្រព្យសម្បត្តិសរុបបញ្ចូលគ្នាច្រើនប៉ុណ្ណា?

ដោយ: គង់ លាងហួរ
អន្តរជាតិ: មហាសេដ្ឋីកំពូលទាំង៥នៅតំបន់អាស៊ី ដែលនាំមុខដោយលោក Mukesh Ambani មានទ្រព្យសម្បត្តិសរុបបញ្ចូលគ្នាចំនួន៣៧១ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃអង្គារ ទី១៤ ខែឧសភា។ នេះបើយោងតាមទស្សនាវដ្តី Forbes India ។


ទី១: លោក Mukesh Ambani ប្រធានក្រុមហ៊ុន Reliance Industries
មហាសេដ្ឋីឥណ្ឌារូបនេះ មានវ័យ៦៧ឆ្នាំ និងមានទ្រព្យសម្បត្តិច្រើនជាងគេទី១នៅតំបន់អាស៊ី តាមរយៈក្រុមហ៊ុន Reliance Industries ដែលជាក្រុមហ៊ុនវិនិយោគ ក្នុងវិស័យគីមីឥន្ធនៈ ទូរគមនាគមន៍ ការលក់រាយ និងសេវាកម្មហិរញ្ញវត្ថុ។ លោកមានទ្រព្យសម្បត្តិសុទ្ធចំនួន១១២ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី១៤ ខែឧសភា។

ទី២: លោក Gautam Adani ស្ថាបនិកក្រុមហ៊ុនឧស្សាហកម្ម Adani Group
មហាសេដ្ឋីឥណ្ឌារូបនេះមានវ័យ៦១ឆ្នាំ ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Adani Group ដែលជាក្រុមហ៊ុនឧស្សាហកម្មខ្នាតយក្សមួយនៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុននេះបានបោះទុនវិនិយោគនៅក្នុងវិស័យជាច្រើន រួមទាំងកំពង់ផែ និងភស្តុភារ ការផលិតនិងការបញ្ជូនថាមពល និងថាមពលបៃតង។ ទ្រព្យសម្បត្តិសុទ្ធរបស់លោក មានចំនួន៨០,៥ពាន់លានដុល្លារគិតត្រឹមថ្ងៃទី១៤ ខែឧសភា។

ទី៣: លោក Zhong Shanshan ស្ថាបនិកក្រុមហ៊ុនផលិតទឹកដប Nongfu Spring
មហាសេដ្ឋីចិនរូបនេះមានវ័យ ៦៩ឆ្នាំ ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនផលិតទឹកដប Nongfu Spring ដែលជាអ្នកផ្គត់ផ្គង់ទឹកវេចខ្ចប់ឈានមុខគេរបស់ប្រទេសចិន។ នេះបើយោងតាមសារពត៌មាន Bloomberg ។ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Zhong មានចំនួន៦៧,២ពាន់លានដុល្លារគិតត្រឹមថ្ងៃទី១៤ ខែឧសភា។

ទី៤: លោក Prajogo Pangestu ស្ថាបនិកក្រុមហ៊ុនថាមពល Barito Pacific
មហាសេដ្ឋីឥណ្ឌូនេស៊ីរូបនេះ មានវ័យ៨០ឆ្នាំ និងបានចាប់ផ្តើមកសាងអាជីវកម្មរបស់លោក នៅចុងទសវត្សរ៍ឆ្នាំ១៩៧០ ដោយបានបង្កើតក្រុមហ៊ុន អាជីវកម្មឈើមួយឈ្មោះ Barito Pacific Timber ។ ក្រោយមក ក្រុមហ៊ុនត្រូវបានចុះក្នុងបញ្ជី និងប្តូរឈ្មោះថ្មីទៅជាក្រុមហ៊ុន Barito Pacific និងបានពង្រីកទៅក្នុងឧស្សាហកម្មផ្សេងៗ ដូចជាវិស័យគីមីឥន្ធនៈ ផលិតកម្មផ្លាស្ទិច ការជីកយករ៉ែ និងថាមពលកម្ដៅ។
លោកមានទ្រព្យសម្បត្តិសុទ្ធ ចំនួន៦២ពាន់លានដុល្លារគិតត្រឹមថ្ងៃទី១៤ ខែឧសភា។

ទី៥: លោក Colin Zheng Huang ស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្ម PDD Holdings
មហាសេដ្ឋីចិនរូបនេះមានវ័យ៤៤ឆ្នាំ ដោយលោកទទួលបានភាពជោគជ័យខ្លាំង លើការបង្កើតPinduoduo ដែលជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ក្នុងឆ្នាំ២០១៥។ នេះបើយោងតាមសារពត៌មាន Business Insider ។លោកមានទ្រព្យសម្បត្តិសុទ្ធ ចំនួន៤៩,៥ពាន់លានដុល្លារត្រឹមថ្ងៃទី១៤ ខែឧសភា។ នេះបើយោងតាមទស្សនាវដ្តី Forbes។


ទ្រព្យសម្បត្តិសុទ្ធ(Net Worth)គឺជាតម្លៃទ្រព្យសកម្មសរុបរបស់បុគ្គល ឬសាជីវកម្ម ប៉ុន្តែមិនរាប់បញ្ចូលបំណុល ដែលពួកគេជំពាក់នោះទេ។ ទ្រព្យសម្បត្តិសុទ្ធ គឺជារង្វាស់ដ៏សំខាន់មួយ ដើម្បីស្ទាបស្ទង់សុខភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន៕

ប្រភព: Vnexpress៕