ក្រុមហ៊ុនយក្ស Samsung គ្រោងបោះទុនវិនិយោគបន្ថែម ១០០០លានដុល្លារនៅវៀតណាមជារៀងរាល់ឆ្នាំ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung របស់ប្រទេសកូរ៉េខាងត្បូង គ្រោងបោះទុនវិនិយោគបន្ថែមក្នុងទំហំទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារ នៅក្នុងប្រទេសវៀតណាមជារៀងរាល់ឆ្នាំ។

ការប្រកាសនេះបានធ្វើឡើង ក្នុងអំឡុងពេលដែលលោក Park Hark-kyu ប្រធានប្រតិបត្តិផ្នែកហិរញ្ញវត្ថុ (CFO) នៃក្រុមហ៊ុន Samsung Electronics បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នៅទីក្រុងហាណូយ។

លោក Park បានកត់សម្គាល់ថា គិតរហូតមកដល់ពេលនេះ ក្រុមហ៊ុន Samsung បានបណ្តាក់ដើមទុនវិនិយោគ ប្រមាណ២២,៤ពាន់លានដុល្លារ នៅក្នុងប្រទេសវៀតណាម ហើយខ្លួនគ្រោងបន្តបោះទុនបន្ថែម១ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។

លោកបានបន្តថា ក្រៅពីការស្រាវជ្រាវ ការអភិវឌ្ឍ ការផលិត និងការនាំចេញផលិតផលអេឡិចត្រូនិក និងបច្ចេកវិទ្យាជាន់ខ្ពស់ ក្រុមហ៊ុន Samsung ក៏បាននិងកំពុងវិនិយោគ លើការជួយដល់ឧស្សាហកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់ក្រុមហ៊ុនវៀតណាម ព្រមទាំងជួយក្រុមហ៊ុនក្នុងស្រុក ឱ្យចូលរួមក្នុងខ្សែសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់របស់ខ្លួនផងដែរ។

លោកបន្ថែមថា “ក្រុមហ៊ុន Samsung សង្ឃឹមថា ខ្លួននឹងបន្តការអភិវឌ្ឍន៍ ដើម្បីរួមចំណែកដល់កំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ចបរទេសរបស់ប្រទេសវៀតណាម”។

ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ ចំពោះបរិយាកាសវិនិយោគ និងធុរកិច្ច ព្រមទាំងការត្រៀមខ្លួន របស់នាយករដ្ឋមន្ត្រីវៀតណាម ក្នុងការស្តាប់ និងជួយដល់សហគ្រាស ដោយបន្ថែមថា ក្រុមហ៊ុន Samsung នឹងបន្តឈរជាមួយវៀតណាម នៅលើមាគ៌ាអភិវឌ្ឍន៍។

ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ ចំពោះបរិយាកាសវិនិយោគ និងធុរកិច្ច ព្រមទាំងការត្រៀមខ្លួន របស់នាយករដ្ឋមន្ត្រីវៀតណាម ក្នុងការស្តាប់ និងជួយដល់សហគ្រាស ដោយបន្ថែមថា ក្រុមហ៊ុន Samsung នឹងបន្តឈរជាមួយវៀតណាម នៅលើមាគ៌ាអភិវឌ្ឍន៍។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងថា ខ្លួននឹងបន្តផ្តល់នូវលក្ខខណ្ឌដ៏ល្អប្រសើរ សម្រាប់គម្រោងវិនិយោគរបស់ក្រុមហ៊ុន Samsung ឱ្យដំណើរការទៅមុខប្រកបដោយផ្លែផ្កា និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ក្នុងប្រទេសវៀតណាម ក្នុងស្មារតីនៃការចុះសម្រុងគ្នា ព្រមទាំងផលប្រយោជន៍ និងការចែករំលែកហានិភ័យ៕

ប្រភព:Vnexpress / ផ្ដល់សិទ្ធិដោយ: Property Area