មន្រ្តីជាន់ខ្ពស់ៈ អនុវិស័យថ្មីមួយកំពុងក្លាយជាជន្ទល់សេដ្ឋកិច្ចថ្មីសម្រាប់កម្ពុជា

ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា អនុវិស័យកម្មន្តសាលបាន និងកំពុងដើរតួនាទីសំខាន់ ក្នុងការជម្រុញកំនើនសេដ្ឋកិច្ចកម្ពុជា។

ថ្លែងក្នុងពិធីបើក “ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ ២០២៤ កាលពីសប្តាហ៍មុននេះ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងរយៈពេល៤ខែដំបូងឆ្នាំនេះ កម្ពុជាបានទទួលគម្រោងវិនិយោគថ្មីៗ មានតម្លៃទុនវិនិយោគសរុប២.៥១៣លានដុល្លារអាមេរិក កើនឡើង៣២៧% ដែលជាកំណើនដ៏ខ្ពស់គួរឲ្យភ្ញាក់ផ្អើល ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចពិភពលោក កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា លំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ប្រមាណ៩០ភាគរយ បានផ្តោតលើគម្រោងវិនិយោគផ្នែកកម្មន្តសាល ដែលខុសគ្នាកាលពីអំឡុងមុនវិបត្តិកូវីដ១៩ គឺភាគច្រើនផ្តោតលើវិស័យហិរញ្ញវត្ថុនិងអចលនទ្រព្យ។

លោកពន្យល់ទៀតថា “នេះគឺជាក្តីសង្ឈឹម នៃជន្ទុលសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ដែលនឹងមានភាពធន់កាន់តែរឹងមាំ រយៈពេលវែង ដោយសារការវិនិយោគភាគច្រើន គឺនៅក្នុងសកម្មភាពកម្មន្តសាលមិនមែនកាត់ដេរ”។

វិស័យកម្មមន្តសាលសំដៅដល់ រោងចក្រផលិតសម្ភារៈអេឡិចត្រូនិក ការបង្កើតមជ្ឈមណ្ឌលទិន្នន័យ និងរោងចក្រផ្គុំ និងដំឡើងរថយន្ត ដែលបានឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព គួរជាទីមោទននៃការកែប្រែរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ដោយសារការកើនឡើងនៃសកម្មភាពដែលមានតម្លៃបន្ថែមកាន់តែខ្ពស់។

ក្នុងរយៈពេល៤ខែដំបូងឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័ត គម្រោងវិនិយោគចំនួន១២៨គម្រោង ដែលមានទំហំទុនវិនិយោគសរុប ប្រមាណ២.៥១៣លានដុល្លារអាមេរុក កើនឡើង៩៧% និង៣២៧% រៀងគ្នា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងចំណោមទុនវិនិយោគទាំងនោះ ប្រភពវិនិយោគក្នុងស្រុកគ្រប់ដណ្តប់ប្រមាណ៥១ភាគរយ និងការវិនិយោគផ្ទាល់ពីបរទេស ៤១% ហើយប្រភពទុនពីប្រទេសភាគច្រើន លើសលុបត្រូវបានវិនិយោគដោយចិន តាមពីក្រោយដោយសិង្ហបុរី វៀតណាម កូរ៉េខាងត្បូងសហរដ្ឋអាមេរិក ម៉ាឡេស៊ី និងឥណ្ឌា៕

ផ្ដល់សិទ្ធិដោយ: Property Area