ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសកូរ៉េខាងត្បូងរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់១៨ ខែឧសភា ឆ្នាំ២០២៤។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង។
យោងតាមក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងតបតាម ការអញ្ជើញរបស់លោក យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េខាងត្បូង។
អញ្ជើញអមដំណើរសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំង រដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា។
ក្រសួងការបរទេសបានឲ្យដឹងទៀតថា ក្នុងទស្សនកិច្ចនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយ លោកប្រធានាធិបតី យូន សកយ៉ល ពិភាក្សាស៊ីជម្រៅនូវភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការ ពហុវិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅកម្រិតថ្មី។ ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនពាក់ព័ន្ធការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបដាច់ដោយឡែកជាមួយលោកនាយករដ្ឋមន្ត្រី ហាន់ ដុកស៊ូ (Han Duck-soo) និងលោកប្រធានរដ្ឋសភា គីម ជីនណូ (Kim Jin-pyo)។
សម្តេចធិបតី ក៏នឹងអញ្ជើញចូលរួម ក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ និងជួបជាមួយក្រុមហ៊ុនកូរ៉េសំខាន់ៗមួយចំនួន។ សម្តេចធិបតី ក៏នឹងជួបសំណេះសំណាល ជាមួយសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉ផងដែរ។
ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) លោកយិន លាងគង់បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតីហ៊ុន ម៉ាណែត ទៅកាន់សាធារណៈរដ្ឋកូរ៉េជាលើកទី១នេះ ជាការពង្រឹងមិត្តភាព ភាពជាដៃគូយុទ្ឋសាស្រ្តកាន់តែមានភាពស៊ីជម្រៅ ស្របពេលដែលទំនាក់ទំនង រវាងប្រទេសទាំងពីរកាន់តែប្រសើរ ខណៈប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួចហើយផងដែរ។
លោកបន្តថា “ស្របពេលរដ្ឋាភិបាលដាក់ចេញ គោលនយោបាយគោះទ្វារវិនិយោគិនដល់ផ្ទះ ដំណើរទស្សនកិច្ចនេះ នឹងផ្តោតលើលំហូរពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគបន្ថែម ពីកូរ៉េមកកាន់កម្ពុជាបន្ថែមទៀត”។ លោកបន្តថា “គោលដៅនៃទស្សនកិច្ចនេះ គឺធ្វើឡើង ដើម្បីផលប្រយោជន៍នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់កម្ពុជា”៕
ផ្ដល់សិទ្ធិដោយ: Property Area