ខេត្តព្រះសីហនុកំពុងឈានមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ និងរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរ

ដោយៈ គង់ ហ្វីអូណា

ព្រះសីហនុៈ លោកសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកខេត្តព្រះសីហនុ កំពុងឈានមុខគេ ក្នុងការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ និងរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរកម្ពុជា។


ខេត្តនេះបាននិងកំពុងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន នូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ លើគោលនយោបាយជាអាទិភាពចំនួន៦ចំណុច និងវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាល។


ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ក្នុងនាមជាខេត្តកំពុងឈានមុខលើវិស័យសេដ្ឋកិច្ច នៃតំបន់ឆ្នេរនេះ ខេត្តព្រះសីហនុគួររៀបចំក្រុង ឱ្យមានលក្ខណៈស្តង់ដារួមមួយ ដោយគិតគូរអំពីលំហសាធារណៈ ដោយមានផ្លូវថ្មើរជើង សម្រាប់ប្រជាពលរដ្ឋហាត់ប្រាណ ដើម្បីសុខភាព មានដើមឈើ មានភាពបៃតងនោះ នាពេលខាងមុខ ទីក្រុងនឹងមានសោភ័ណភាពកាន់តែស្រស់ស្អាត ទាក់ទាញ ផ្តល់នូវផាសុកភាព និងងាយស្រួលក្នុងការរស់នៅ។


លោកសាយ សំអាល់ ក៏បានជំរុញអាជ្ញាធរខេត្ត ឱ្យគិតគូរយកចិត្តទុកដាក់ ក្នុងការថែរក្សាសន្តិសុខ និងសុវត្ថិភាពឱ្យកាន់តែប្រសើរឡើង សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកកំសាន្ត ឬមកបណ្ដាក់ទុនវិនិយោគ ក្នុងខេត្តព្រះសីហនុ ជាមួយនឹងការខិតខំពន្លឿនការចុះបញ្ជីដីធ្លីជាប្រព័ន្ធ។


គោលនយោបាយអាទិភាព៦ចំណុច របស់រាជរដ្ឋាភិបាលរួមមានទី១ ការពង្រីកសេវាថែទាំសុខភាព ទី២ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ទី៣ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម, ទី៤ ការដាក់ចេញយុទ្ធសាស្ត្រស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ទី៥ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ; និងទី៦ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករ នៅតាមទីជនបទ៕

ផ្ដល់សិទ្ធិដោយ: Property Area