រដ្ឋាភិបាលកំពុងជំរុញស្ថាបនាផ្លូវជនបទគ្រប់កន្លែង ដើម្បីប្រែក្លាយជនបទ ទៅតំបន់អភិវឌ្ឍន៍រីកចម្រើន

ដោយៈ គង់ ហ្វីអូណា

តាកែវៈ រដ្ឋាភិបាលតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ កំពុងស្ថាបនាផ្លូវជនបទគ្រប់កន្លែង ដើម្បីប្រែក្លាយតំបន់ជនបទឲ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

ជាក់ស្តែង ផ្លូវជនបទក្រាលបេតុងចំនួន១ខ្សែ នៅខេត្តកោះកុង និងផ្លូវក្រាលល្បាយក្រួសចំនួន១ ខ្សែផ្សេងទៀត នៅក្នុងខេត្តតាកែវ ស្ថិត ក្រោមក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនាស្របតាមបទដ្ឋានបច្ចេកទេសល្អប្រសើរ ដោយផ្លូវទាំងនោះបាននឹងកំពុង សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងគោលដៅប្រែក្លាយតំបន់ជនបទ ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍រីកចម្រើន។

លោកបណ្ឌិតនួន ដាញ៉ិល រដ្ឋលេខាធិការ នៅថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ២០២៤ នេះ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ និងសំណង់សិល្បការ្យ ចំនួន ២គម្រោង ស្ថិតនៅខេត្តតាកែវ និងខេត្តកោះកុង ក្នុងនោះសម្រាប់គម្រោងទី១ ការងារស្ថាបនាផ្លូវក្រាលដី ល្បាយក្រួសចំនួន១ ខ្សែ ប្រវែង៦៤០០ម៉ែត្រ ទទឹង៨ម៉ែត្រ និងសំណង់សិល្បការ្យ ស្ថិតនៅភូមិព្រៃ ឃុំត្នោត ស្រុកបាទី ទៅភូមិសំបូរ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ចំណែកគម្រោងទី២ ការងារស្ថាបនាផ្លូវក្រាល បេតុងចំនួន ១ ខ្សែ ប្រវែង ២៧០០ម៉ែត្រ មានទទឹង៨ម៉ែត្រ, និងសំណង់សិល្បការ្យមួយចំនួនទៀត ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដែលគម្រោងទាំងពីរអនុវត្តដោយ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ។

បើយោងតាមរបាយការណ៍ វឌ្ឍនភាពការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា គិតត្រឹមឆ្នាំ ២០២៣ ក្រសួងបានស្ថាបនាស្តារ និងកែលម្អផ្លូវជនបទសរុប ប្រវែងជាង៥០ពាន់គីឡូម៉ែត្រ និងបានចងក្រងជាបញ្ជីសារពើភ័ណ្ឌ និងប្រព័ន្ធគ្រប់គ្រងផ្លូវជនបទរួចរាល់ក្នុងនោះរួមមាន ផ្លូវក្រាលកៅស៊ូពីរជាន់ប្រវែងជាង៥០០០គីឡូ ម៉ែត្រ ផ្លូវក្រាលបេតុងប្រវែងជាង១ពាន់គីឡូម៉ែត្រ ផ្លូវល្បាយក្រួសប្រវែងជាង៣១ពាន់គីឡូម៉ែត្រ, និងផ្លូវដីសប្រវែង១២ពាន់គីឡូម៉ែត្រ៕

ផ្ដល់សិទ្ធិដោយ: Property Area