ឥណ្ឌា ថៃ និងវៀតណាម ជាប់ជាប្រទេសនាំចេញអង្ករច្រើនជាងគេបំផុតទៅកាន់ពិភពលោកក្នុងត្រីមាសទី១

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមសមាគមអ្នកនាំចេញអង្ករថៃ (TREA) បានឱ្យដឹងថា ប្រទេសថៃ និងវៀតណាម កំពុងប្រជែងគ្នាដណ្តើមចំណាត់ថ្នាក់លេខ២ ក្នុងនាមជាប្រទេសនាំចេញអង្ករ លំដាប់កំពូលទៅកាន់ពិភពលោកនៅឆ្នាំនេះ ខណៈប្រទេសឥណ្ឌានៅតែបន្តឈរនៅលំដាប់លេខ១។

យោងតាមស្ថិតិសម្រាប់ត្រីមាសទីមួយ នៃឆ្នាំ២០២៤នេះ បានបង្ហាញថា ប្រទេសឥណ្ឌាបាននាំចេញអង្ករច្រើនជាងគេទី១ ទៅកាន់ទីផ្សារពិភពលោក ក្នុងបរិមាណចំនួន៤,៣លានតោន។

ចំណាត់ថ្នាក់ទី២បានទៅលើប្រទេសថៃ ដែលបាននាំចេញអង្ករចំនួន២,៤៦លានតោន កើនឡើង១៩,៤% បន្ទាប់មកគឺវៀតណាមបាននាំចេញអង្ករចំនួន២,១៨លានតោន កើនឡើង១៧,៧% តាមពីក្រោយដោយប្រទេសប៉ាគីស្ថាន បាននាំចេញអង្ករចំនួន១,៩៨លានតោន កើនឡើង៦៨,៥% និងសហរដ្ឋអាមេរិក បាននាំចេញអង្ករចំនួន៨០ម៉ឺនតោន កើនឡើង៩០,៥%។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុករបស់ឥណ្ឌា Mint.com បានរាយការណ៍ថា ការនាំចេញអង្កររបស់ប្រទេសឥណ្ឌា អាចនឹងធ្លាក់ចុះបន្ថែមទៀត ខណៈដែលរដ្ឋាភិបាលឥណ្ឌា គ្រោងនឹងដាក់កំហិតបន្ថែមទៀតលើការនាំចេញ ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃអង្ករក្នុងស្រុក។

សមាគមអ្នកនាំចេញអង្ករថៃ បានគូសបញ្ជាក់ថា ការនាំចេញអង្កររបស់ប្រទេសថៃក្នុងត្រីមាសទី១ ឆ្នាំនេះសម្រេចបានទំហំទឹកប្រាក់ចំនួន៥៦,៧៣ពាន់លានបាត កើនឡើង៤៩ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះដែរ អង្ករ Hom Mali ឬអង្ករផ្កាម្លិះ របស់ប្រទេសថៃ កំពុងទទួលបានតម្រូវការ កាន់តែច្រើនពីសហរដ្ឋអាមេរិក កាណាដា ហុងកុង សិង្ហបុរី និងបណ្តាប្រទេសមួយចំនួននៅតំបន់អឺរ៉ុប។

សមាគម TREA បានបញ្ជាក់បន្ថែមថា អង្កររបស់ប្រទេសថៃកាន់តែមានភាពទាក់ទាញ នៅក្នុងទីផ្សារពិភពលោក ដោយសារការធ្លាក់ថ្លៃចុះនៃប្រាក់បាត ទោះបីជាតម្លៃអង្កររបស់ថៃ នៅតែមានកម្រិតខ្ពស់ ជាងដៃគូប្រជែងរបស់ខ្លួនបន្តិចយ៉ាងណាក្តី៕

ប្រភព: The Nation / ផ្ដល់សិទ្ធិដោយ: Property Area