ដោយៈ គង់ ម៉ាលីនណា
ហ្សឺណែវៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានលើកឡើងថា ក្រសួងពាណិជ្ជកម្មបាននិងកំពុងដឹកនាំ ក្នុងការរៀបចំក្របខ័ណ្ឌ គោលនយោបាយពាណិជ្ជកម្មសម្រាប់កម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកជំទាវបានថ្លែងបែបនេះ ក្នុងជំនួបជាមួយជាមួយលោកបណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិ លេខាធិការដ្ឋានកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (Enhanced Integrated Framework-EIF) នៃអង្គការWTO និងលោក Aik Hoe Lim នាយកផ្នែកពាណិជ្ជកម្ម និងបរិស្ថាននៃអង្គការ WTOកាលពីថ្ងៃទី៧ ឧសភាកន្លងមកនេះ។
ក្នុងជំនួបនោះ លោកជំទាវចម និម្មល បានលើកឡើងពីសមិទ្ធិផលសំខាន់ៗរបស់ EIF និងការគាំទ្រនាពេលបច្ចុប្បន្ន ដើម្បីបង្កើតក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០ ដែលក្រសួងពាណិជ្ជកម្មបាន និងកំពុងដឹកនាំ ក្នុងការរៀបចំក្របខ័ណ្ឌ គោលនយោបាយពាណិជ្ជកម្មសម្រាប់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា និងសម្រាប់ការចាកចេញពីក្រុមប្រទេ សអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ។
បន្ថែមពីនេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា បច្ចុប្បន្ននេះ ក្រសួងពាណិជ្ជកម្មបាន និងកំពុងរៀបចំបង្កើតគណៈកម្មាធិការជំនួយពាណិជ្ជកម្ម សម្រាប់ការសម្របសម្រួលកាន់តែប្រសើរជាមួយម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដើម្បីប្រើប្រាស់ធនធានសម្រាប់ការអនុវត្ត ក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ក្នុងគោលបំណងអភិវឌ្ឍន៍ពាណិជ្ជកម្ម។
ជាកិច្ចឆ្លើយតប លោកបណ្ឌិត Adhikari បានស្វាគមន៍គណៈប្រតិភូកម្ពុជា និងបានកោតសរសើរដល់កម្ពុជា ក្នុងការអនុវត្តគម្រោង EIF ប្រកបដោយប្រសិទ្ធភាព។ លោកក៏បានលើកឡើងអំពីការគាំទ្រ EIF លើការបង្កើតក្របខណ្ឌ គោលនយោបាយពាណិជ្ជកម្មកម្ពុជាផងដែរ។
ក្នុងឱកាសនោះលោក Lim នាយកផ្នែកពាណិជ្ជកម្មនិងបរិស្ថាននៃ WTO បានជម្រាបផងដែរថា លេខាធិការដ្ឋានWTO និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើឯកសារអនុស្សរណៈនៃការយោគយល់គ្នា (MoU)មួយ ដើម្បីជំរុញការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព តាមរយៈសមាហរណកម្មពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងបានត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចសហប្រតិបត្តិការនានា៕
ផ្ដល់សិទ្ធិដោយ: Property Area