EU ត្រៀមស្នើឱ្យភាគីចិន ប្រកួតប្រជែងដោយយុត្តិធម៌ ជាមួយក្រុមហ៊ុនអឺរ៉ុប

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការរបស់សហភាពអឺរ៉ុប នឹងជំរុញឱ្យមានការប្រកួតប្រជែងដោយយុត្តិធម៌ ជាមួយប្រទេសចិន ក្នុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសបារាំង។

លោកស្រីបានថ្លែងបែបនេះ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនចូលរួមកិច្ចប្រជុំទល់មុខគ្នា ជាមួយលោកស៊ី ជីនពីង និងលោកប្រធា​នាធិបតីបារាំង Emmanuel Macron នៅទីក្រុងប៉ារីស ប្រទេសបារាំង។

លោកស្រីបន្តថា “យើងត្រូវធ្វើសកម្មភាព ដើម្បីធ្វើឱ្យប្រាកដថា ការប្រកួតប្រជែងមានភាពយុត្តិធម៌ និងមិនមានការបំភ្លៃ”។

លើសពីនេះ លោកស្រីក៏បានបើកការស៊ើបអង្កេត លើការប្រកួតប្រជែងមួយចំនួន ដែលផ្តោតលើប្រទេសចិន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះផងដែរ។

ជុំវិញបញ្ហានេះ ទីក្រុងប៉េកាំងបានបញ្ចេញប្រតិកម្មយ៉ាងខឹងសម្បារចំពោះការស៊ើបអង្កេតខាងលើ ហើយថែមទាំងបានហៅចំណាត់ការនេះថា ជាសញ្ញាបង្ហាញពីការគាំពារនិយម របស់សហភាពអឺរ៉ុប។

ភាគីចិនក៏ខឹងសម្បារខ្លាំងដែរ ចំពោះការស៊ើបអង្កេតរបស់សហភាពអឺរ៉ុប ចំពោះក្រុមហ៊ុនផ្គត់ផ្គង់ទួរប៊ីនខ្យល់របស់ចិន សម្រាប់ទីផ្សារអឺរ៉ុប។ បន្ថែមពីលើនេះ EU បានបើកការស៊ើបអង្កេតផ្សេងទៀតលើការឧបត្ថម្ភធនរបស់ចិន សម្រាប់ក្រុមហ៊ុនផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យ រថយន្តអគ្គិសនី (EVs) និងរថភ្លើង។

លោក Von der Leyen បានក្រើនរំលឹកឡើងវិញនូវគោលជំហររបស់សហភាពអឺរ៉ុបថា “អឺរ៉ុបគួរតែកាត់បន្ថយការពឹងផ្អែក លើក្រុមហ៊ុនផ្គត់ផ្គង់របស់ចិន ប៉ុន្តែយើងមិនគួរធ្វើដូចសហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្ម ឬបិទចរន្តពាណិជ្ជកម្មក្នុងវិស័យសំខាន់ៗនោះទេ”។

ជាមួយគ្នានេះ លោកស្រីបានសង្កត់ធ្ងន់ លើបញ្ហាទាក់ទងនឹង ការផលិតទំនិញលើសតម្រូវការ ក្នុងស្រុករបស់ប្រទេសចិន ដែលនាំឱ្យចិនត្រូវនាំចេញទំនិញរបស់ខ្លួនក្នុងតម្លៃថោកៗ ទៅកាន់ទីផ្សារអឺរ៉ុប។

លោកស្រីបន្ថែមថា “ការណ៍នេះ ធ្វើឱ្យក្រុមហ៊ុនអឺរ៉ុបពិបាកប្រកួតប្រជែង ជាមួយនឹងការហូរចូលនៃទំនិញថោកៗ មកពីប្រទេសចិន”។

លោកស្រីលើកទឹកចិត្តរដ្ឋាភិបាលចិន ឱ្យដោះស្រាយការផលិតលើសតម្រូវការទាំងនេះក្នុងរយៈពេលខ្លី”៕

ប្រភព: AFP​ / ផ្ដល់សិទ្ធិដោយ៖ Property Area