ដោយៈ និស្ស័យ
ភ្នំពេញៈ ក្រុមថ្នាក់ដឹកនាំសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) បានបន្តជួបប្រជុំគ្នាសារជាថ្មី ដើម្បីពិភាក្សាលើចំណុចសំខាន់ៗ ដើម្បីរៀបចំសមាគមនេះដើរទៅមុខលើផ្លូវត្រូវ ស្របនឹងផែនការចក្ខុវិស័យរបស់ខ្លួន។
កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយលោកយិន លាងគង់ ប្រធានសមាគម លោកបណ្ឌិត អោម សេងបូរ៉ា សមាជិកជាន់ខ្ពស់នៃក្រុមទីប្រឹក្សាសមាគម និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។
លោកយិន លាងគង់ បានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំកាលពីចុងសប្តាហ៍មុនថា សមាគមបាននិងកំពុងឆ្ពោះទៅមុខ ជាមួយនឹងផែនការសកម្មភាពរបស់ខ្លួន និងបានសម្រេចកិច្ចការជាច្រើន បន្ទាប់ពីយើងបានទទួលច្បាប់ អនុញ្ញាត្តពីក្រសូងមហាផ្ទៃកាលពីពេលថ្មីៗនេះ។
លោកបន្តថា យើងបានបញ្ចប់ការរៀបចំវេបសាយ បណ្តាញទំនាក់ទំនងសង្គមដូចជា Facebook, Telegram, Tik Tok , Youtube, Instagram ជាដើម ដើម្បីផ្តោតលើការផ្សព្វផ្សាយព័ត៌មានជាបីជាភាសាគឺភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន។
លោកបន្តថា “យើងមានការងារធំៗជាច្រើន ប៉ុន្តែយើងត្រូវចាប់ផ្តើមពីចំណុចតូចៗ ធ្វើឲ្យបានល្អ មានប្រសិទ្ឋភាព និងចំគោលដៅដែលយើងចង់បាន”។
ជាមួយគ្នានេះ លោកកៃ គីមសុងអនុប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជាបានមានប្រសាសន៍ថា បន្ទាប់ពីការរៀបចំកិច្ចប្រជុំ និងផែនការ លោកបានដឹងថា សមាគមបាននិងកំពុងដើរលើទិសដៅត្រឹមត្រូវហើយ ដោយយើងបានរៀបចំក្រុមការងារដែលទទួលបន្ទុកលើផ្នែកផ្សេងៗគ្នា ដើម្បីបំពេញតួនាទីតាមការចាត់តាំង និងការសម្រេចរួមរបស់គណកម្មការប្រតិបត្តិ និងក្រុមប្រឹក្សាភិបាល។
លោកបន្តថា “យើងកំពុងបង្កើតនូវយន្តការការងារ ប្រកបដោយភាពត្រឹមត្រូវ និងប្រសិទ្ឋភាព ប្រកបដោយតម្លាភាព និងការទទួលខុសត្រូវ”។
ចំណែកលោកបណ្ឌិត អោម សេងបូរ៉ា សមាជិកជាន់ខ្ពស់នៃក្រុមឧត្តមទីប្រឹក្សាសមាគម CEMEA បានមានប្រសាសន៍ដោយបានផ្តល់អនុសាសន៍ជាច្រើន ដល់ថ្នាក់ដឹកនាំសមាគមដើម្បីឲ្យថ្នាក់ដឹកនាំសមាគមនេះយកទៅពិចារណា ពិសេសទាក់ទងនឹងអភិបាលកិច្ច ការស្វែងរកគុណប្រយោជន៍ ដល់ថ្នាក់ដឹកនាំសមាគម និងការរៀបចំក្រុមហ៊ុនមួយចំណុះឲ្យសមាគមនេះ អាចស្វែងរកការសហការជាមួយស្ថាប័នពាក់ព័ន្ឋ និងក្រុមហ៊ុននានា។
លោកបន្តដោយបញ្ជាក់ថា “សមាគមមិនស្វែងរកប្រាក់ចំណេញ ហេតុនេះ សមាគមត្រូវបង្កើតក្រុមហ៊ុនមួយ ដែលចេញពីថ្នាក់ដឹកនាំសមាគមនេះ ដើម្បីរកផលប្រយោជន៍ដល់ថ្នាក់ដឹកនាំ និងអាចធ្វើឲ្យសមាគមអាចដំណើរការបានដោយរលូន”។ លោកបន្តថា “ការបង្កើតអ្វីមួយ ដែលមានការចូលរួម និងមិនអាចរកផលប្រយផជន៍ដល់ថ្នាក់ដឹកនាំ សមាគមឬស្ថាប័ននោះមិនទទួលបានជោគជ័យទេ”៕