មន្រ្តីចូលរួមផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ លោកយុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំគណៈប្រតិភូ នៃគណៈកម្មាធិការវិនិយោគកម្ពុជារៀបចំ និងអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្រ្តី អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ។

សិក្ខាសាលានេះធ្វើឡើង ក្នុងគោលបំណងផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគនិងបទប្បញ្ញត្តិពាក់ព័ន្ធ ចែករំលែកបទពិសោធន៍អនុវត្តន៍ជាក់ស្តែង និងបំពាក់បំប៉នសមត្ថភាពរបស់មន្ត្រី នៃអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ។

លោកបណ្ឌិត ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសម្តែងនូវសេចក្តីសោមន្សរីករាយ ចំពោះវត្តមានគណៈប្រតិភូ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានរៀបចំសិក្ខាសាលា ដ៏មានសារៈសំខាន់នេះឡើង ព្រមទាំង បានជម្រាបអំពីលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ សក្តានុពល និងសមិទ្ធផលមួយចំនួនពាក់ព័ន្ធ នឹងកិច្ចការវិនិយោគ ដែលត្រូវបានប្រសិទ្ធនាមថាជា “ពោលសេដ្ឋកិច្ចពិសេសគំរូពហុបំណង”។

លោកយុន ហេងអគ្គលេខាធិការរង បានសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងនិន្នាការសំខាន់ៗ និងការវិវត្ត យ៉ាងឆាប់រហ័សនៃព្រឹត្តិការណ៍នានាក្នុងតំបន់ និងសកល ព្រមទាំងច្បាមយកនូវកាលានុវត្តភាព ដែលលេចចេញពីវិបត្តិ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រ, ច្បាប់, ក្របខ័ណ្ឌគោលនយោបាយ និងផែនទីបង្ហាញផ្លូវដើម្បីពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់កិច្ចអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ និងមានភាពធន់។

បន្ថែមពីនេះ អគ្គលេខាធិការ ក៏បានលើកឡើងអំពីបរិការណ៍ ដំណើរការ និងភាពចាំបាច់នៃការរៀបចំនូវច្បាប់ស្តីពី វិនិយោគ, អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់គណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ដែលសំដៅបង្កើត នូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ និងធានាបាននូវភាពប្រកួតប្រជែង ពេញលេញដោយសមភាពនិងគ្មានការរើសអើង ដើម្បីទាក់ទាញនិងលើកកម្ពស់ការវិនិយោគក្នុងស្រុក និងបរទេសប្រកបដោយគុណភាព ប្រសិទ្ធភាពនិងប្រសិទ្ធផល តាមរយៈការធ្វើវិមជ្ឈការ និងវិសហមជ្ឈការជូនអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ការធ្វើសាមញ្ញកម្មនីតិវិធីរដ្ឋបាល ការពង្រឹងយន្តការថែទាំវិនិយោគ និងការផ្ដល់ជូននូវកញ្ចប់លើកទឹកចិត្តដែលមានភាពឆ្លាតវៃ។

វាគ្មិនមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើបទបង្ហាញលើប្រធានបទចំនួន៤ ជូនដល់សិក្ខាកាម រួមមាន (១)ច្បាប់ស្តីពីវិនិយោគនិងអនុក្រឹត្យស្តីពី ការអនុវត្តច្បាប់ស្តីពីវិនិយោគ និងនីតិវិធីពិនិត្យសំណើពាក់ព័ន្ធ នឹងកិច្ចការច្បាប់នៃគម្រោងវិនិយោគ (២)ការជំរុញទាក់ទាញ និងការផ្តល់កិច្ចសម្រួលវិនិយោគ (៣)នីតិវិធីពិនិត្យសំណើសុំពាក់ព័ន្ធនឹងការចុះបញ្ជី, ការលើកទឹកចិត្តគម្រោងវិនិយោគ និងការអនុវត្តគម្រោងវិនិយោគ និង(៤)ការត្រួតពិនិត្យ ការវាយតម្លៃការអនុវត្តគម្រោង និងសេវាថែទាំវិនិយោគ៕