IMF: ឥណ្ឌានឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតទី៤ នៅលើពិភពលោកក្នុងឆ្នាំ២០២៥

ដោយ: គង់ លាងហួរ

អន្តរជាតិ: ផលទុនជាតិសរុបរបស់ប្រទេសឥណ្ឌា (Nominal GDP) នឹងវ៉ាដាច់ប្រទេសជប៉ុននៅឆ្នាំ២០២៥ខាងមុខ ដើម្បីឆ្ពោះទៅក្លាយជា មហាអំណាចសេដ្ឋកិច្ចធំលំដាប់ទី៤ នៅលើពិភពលោក ដែលលឿនជាងការព្យាករណ៍កាលពីឆ្នាំមុនចំនួន១ឆ្នាំ។

យោងតាមរបាយការណ៍ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចេ ញផ្សាយនៅ ខែមេសានេះ បានព្យាករណ៍ថា ផលទុនជាតិសរុបបន្ទាប់បន្សំរបស់ឥណ្ឌា (Nominal GDP) នឹងកើនដល់ទំហំទឹកប្រាក់ជិត៤,៣៤ទ្រីលានដុល្លារ នៅឆ្នាំ២០២៥ ខណៈផលទុនជាតិសរុបបន្ទាប់បន្សំរបស់ជប៉ុន នឹងមានទំហំទឹកប្រាក់ប្រហែល៤,៣១ទ្រីលានដុល្លារប៉ុណ្ណោះ។

កាលពីខែតុលា ឆ្នាំ២០២៣  IMF បានព្យាករណ៍ថា ឥណ្ឌានឹងវ៉ាដាច់ជប៉ុននៅឆ្នាំ២០២៦។ ប៉ុន្តែតាមរយៈរបាយការណ៍បច្ចុប្បន្នភាព ដែលចុះផ្សាយនៅខែមេសានេះ មូលនិធិ IMF បានកែប្រែការព្យាករណ៍កំណើនGDP  របស់ប្រទេសទាំង២ ដោយសារការប្រែប្រួ លនៃតម្លៃរូបិយប័ណ្ណក្នុងស្រុក។ តួយ៉ាង ការដាំក្បាលចុះនៃតម្លៃប្រាក់យ៉េនហាក់ដូចជា បានកាត់បន្ថយទំហំសេដ្ឋកិច្ចជប៉ុន ប្រសិនបើវាស់វែងគិតជាប្រាក់ដុល្លារ។ ម្យ៉ាងទៀត កាលពីឆ្នាំមុន អាល្លឺម៉ង់បានដណ្តើមតំណែងជប៉ុន ក្នុងឋានៈជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៣ នៅលើពិភពលោក។

ចំណែក តម្លៃប្រាក់រូពីរបស់ឥណ្ឌា មិនមានការប្រែប្រួលខ្លាំងនោះទេ បើធៀបនឹងប្រាក់ដុល្លារអាមេរិក ចាប់តាំងពីដើមឆ្នាំ២០២៣ ដោយសារធនាគារកណ្តាលឥណ្ឌា(RBI) បានចូលធ្វើអន្តរាគមន៍ទាន់សភាពការណ៍។

យោងតាមរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៣ មូលនិធិ IMF បានកត់សម្គាល់ថា ការធ្វើអន្តរាគមន៍របស់ឥណ្ឌា ចូលទៅក្នុងទីផ្សាររូបិយប័ណ្ណអាចលើសពីភាពចាំបាច់។ បន្ទាប់មក ធនាគារកណ្តាល ឥណ្ឌា បានចេញមុខប្រតិកម្មថា ស្ថាប័នដ៏ធំមួយនេះ កំពុងធ្វើការវិភាគខុស ដោយផ្អែកទៅលើនិន្នាការអត្រាប្តូរប្រាក់រយៈពេលខ្លី។ផលទុនជាតិសរុបបន្ទាប់បន្សំរបស់ឥណ្ឌា ឈរនៅលេខរៀងទី១០នៅទូទាំងពិភពលោក គិតត្រឹមឆ្នាំ២០១៤ ហើយបើយោងតាមមូលនិធិ IMF ដដែល បានឱ្យដឹងថា ប្រទេសឥណ្ឌានឹងវ៉ាដាច់អាល្លឺម៉ង់ ឆ្ពោះទៅដណ្តើមតំណែង ជាមហាអំណាចសេដ្ឋកិច្ចធំជាងគេទី៣ របស់ពិភពលោកនៅឆ្នាំ២០២៧៕

ប្រភព: Nikkei Asia & Vietnam.vn៕