ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្នុងគោលដៅពង្រឹងសមត្ថភាព ក៏ដូចជាជម្រុញការផ្សព្វផ្សាយព័ត៌មានឲ្យបានកាន់តែទូលំទូលាយ ដល់មជ្ឈដ្ឋានជាតិ អន្តរជាតិ សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) បានបង្កើតវេបសាយ និងគេហទំព័ររបស់ខ្លួនជាផ្លូវការហើយ។ វេបសាយរបស់សមាគមនេះមានឈ្មោះ www.cemea.biz និងបណ្តាញទំនាក់ទំនងសង្គមមានឈ្មោះ “សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា” និងមានបណ្តាញទំនាក់ទំនងសង្គមដូចជា TikTok , Telegram ផងដែរ។
លោកយិន លាងគង់ប្រធានសមាគម CEMEA បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៤ មេសានេះថា ក្រោយការប្រជុំរបស់ថ្នាក់ដឹកនាំសមាគម យើងបានសម្រេចដាក់ដំណើរការវេទិកាខាងលើនេះ ដើម្បីជម្រុញផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងសេដ្ឋកិច្ចជាតិ អន្តរជាតិ វិស័យហិរញ្ញវត្ថុ អចលនទ្រព្យ ផ្សារហ៊ុនជាដើម និងសារអប់រំផ្សេងៗ ដើម្បីបញ្រ្ជាបការយល់ដឹងដល់ប្រជាពលរដ្ឋ ទាក់ទងនឹងដំណើរវិវត្តន៍នៃសេដ្ឋកិច្ច សង្គម ក៏ដូចជាអប់រំឲ្យសាធារណៈជនបានយល់ដឹងពីជម្រើសនៃការវិនិយោគ ហានិភ័យផ្សេងៗ ដែលពួកគេគួរប្រុងប្រយ័ត្ន មុនសម្រេចចិត្តបណ្តាក់ទុនលើរឿងអ្វីមួយ។
លោកបន្តថា “ការផ្លាស់ប្តូរនិន្នាការសង្គម គឺផ្តើមចេញពីវិស័យព័ត៌មាន ដែលជាកញ្ចក់ឆ្លុះបង្ហាញតឋភាពពិតក្នុងសង្គមផង និងជាកញ្ចក់ឆ្លុះបញ្ចាំងនូវសកម្មភាពដែលកើតមានប្រចាំថ្ងៃផង”។ លោកបន្តថា “ការផ្សព្វផ្សាយព័ត៌មានវិជ្ជមាន ជាការសាបព្រួសនូវពុទ្ឋិដ៏ល្អដល់សង្គមជាតិ ផ្ទុយទៅវិញការផ្សព្វផ្សាយព័ត៌មាន ដែលអវិជ្ជមាន ជាការសាបព្រូសថ្នាំពុលដល់សង្គមជាតិ”។
លោកយិន លាងគង់បានបន្តថា បរិបទកម្ពុជាបានផ្លាស់ប្តូរហើយ និន្នាការសេដ្ឋកិច្ច សង្គមកាន់តែរីកចម្រើន ហេតុនេះទើបថ្នាក់នាំសមាគម CEMEA ចង់រួមចំណែកជាផ្នែកមួយរបស់រាជរដ្ឋាភិបាល ដើម្បីជម្រុញ ក៏ដូចជាផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច មានលក្ខណៈគ្រប់ជ្រុងជ្រោយ បទវិភាគ ប្រកបដោយមូលដ្ឋានក្រមសីលធ៌មវិជ្ជាជីវៈ ដើម្បីចាក់គ្រឹះ ចំណេះដឹងដល់ប្រជាជាតិនេះ ឲ្យមានចំណេះដឹងកាន់តែទូលាយ សម្រាប់ជាមូលដ្ឋានសម្រេចចិត្ត ក្នុងដំណើរជីវិត ក៏ដូចជាអាជីវកម្មរបស់ពួកគេប្រចាំថ្ងៃ។