ការសិក្សាថ្មី: ប្រទេសចិនខកខានផ្តល់ប្រាក់កម្ចី៥២ពាន់លានដុល្លារដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្ស BRI នៅតំបន់អាសុី

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមការសិក្សា​​ថ្មី​មួយបានរកឃើញ​ថា ប្រទេស​ចិន​ ខកខាន​​ផ្តល់​ប្រាក់កម្ចី​ប្រមាណជាង៥០​ពាន់​លាន​ដុល្លារ ដល់​គម្រោង​​ហេដ្ឋារចនាសម្ព័ន្ធ​នានានៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែលស្ថិតក្រោម​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវ៉ាត់​និង​ផ្លូវ (BRI)។

ការ​ខកខាន​ផ្តល់ប្រាក់កម្ចី ក្នុងទំហំទឹកប្រាក់ដ៏ធំនេះ កំពុង​ធ្វើ​ឱ្យ​អនាគត​នៃ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ​របស់​ប្រទេសចិន​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់។នេះបើយោងតាមការ​សិក្សា​ ដែល​ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន Lowy Institute ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី។

ការសិក្សាខាងលើបានរក​ឃើញ​ថា ក្នុង​ចំណោម​គម្រោង​​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​យក្ស​ចំនួន៣៤គម្រោង នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​គម្រោង​នីមួយៗ​មានតម្លៃ​ចាប់ពី១​ពាន់​លាន​ដុល្លារ​ឡើង​ទៅ ភាគីចិន​បាន​ចូលរួមក្នុង​គម្រោង​ចំនួន២៤គម្រោង ដែល​មាន​តម្លៃ​សរុបចំនួន៧៧​ពាន់​លាន​ដុល្លារ​។

ទោះជាយ៉ាងណាក្តី ការសិក្សាបានបង្ហាញថា ភាគីចិន​មិនបានផ្តល់​ប្រាក់​កម្ចី​ដូចការសន្យាទុកក្នុង​ទំហំទឹកប្រាក់​៥២​ពាន់​លាន​ដុល្លារ ដើម្បី​អនុវត្ត​ន៍គម្រោង​ទាំង២៤នេះឡើយ ជាពិសេស​គឺចាប់​តាំង​ពី​ផ្ទុះ​ជំងឺ​រាតត្បាត​កូវីដ​-១៩​។

វិទ្យាស្ថានខាងលើ អះអាងថា មូលហេតុ​ដែល​នាំ​ឱ្យ​ប្រទេសចិន​ខកខាន​ផ្តល់មូលនិធិ គឺ​ដោយសារតែ​កត្តា​មួយចំនួន ដូចជា ភាគីចិន​ផ្ដោត​ខ្លាំងពេក​ទៅលើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​យក្ស ដែល​ងាយ​បង្ក​ឱ្យ​មាន​ហានិភ័យ ការពន្យារពេល អស្ថិរភាព​ផ្នែក​នយោបាយ​នៅក្នុង​បណ្តាប្រទេស​ដៃគូ​ក្នុង​តំបន់​អាស៊ី កំសោយលើការ​ពិគ្រោះ​យោបល់ជាមួយ​ដៃគូ​ពាក់ព័ន្ធ និង​​ការ​ងាក​ទៅ​ប្រើ​ប្រាស់​ថាមពល​ស្អាត។

ការ​សិក្សា​បានវាយតម្លៃថា ​អនាគត​នៃ​គំនិត​ផ្តួច​ផ្តើម​ខ្សែក្រវ៉ាត់​និង​ផ្លូវ (BRI) របស់​ប្រទេសចិន​កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជាជាច្រើន។ ជាក់ស្តែង បញ្ហាបំណុល​នៅក្នុង​បណ្តាប្រទេស​កំពុងអភិវឌ្ឍន៍ និង​ការដាំក្បាលចុះនៃសេដ្ឋកិច្ច​ចិន បាន​នាំ​ឱ្យ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវ៉ាត់​ និង​ផ្លូវ (BRI) របស់​ចិន ជួបស្ថានភាពមិនសូវអំណោយផល ដែលការណ៍នេះ នឹងជំរុញឱ្យ​ទីក្រុងប៉េកាំងងាក​មក​ផ្តោត​លើ​គម្រោងហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​តូច និង​មធ្យម​នៅ​ក្រៅ​ប្រទេស​វិញ។

ទន្ទឹមនឹងនេះ គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ (BRI) ត្រូវបានគេមើលឃើញ​ថា ជា​មធ្យោបាយពង្រីក​ឥទ្ធិពល​សេដ្ឋកិច្ចរបស់​ប្រទេសចិន ​ក្នុង​គោលបំណង​ប្រែក្លាយខ្លួនទៅជា​មហាអំណាច​របស់ពិភពលោក៕

ផ្ដល់សិទ្ធិដោយ៖ Property Area Asia