ដោយៈ គង់ សូរិយា
បន្ទាយមានជ័យៈ ការរីកចម្រើនទីក្រុងណាមួយ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវារឹតតែគួរឲ្យចាប់អារម្មណ៍ ខណៈទីក្រុងដទៃទៀតកំពុងស្ងប់ស្ងាត់ បែរជាសម្លេងការដ្ឋានសំណង់លាន់លឺយ៉ានរន្ថើន នៅទីក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ។
ទីក្រុងតូចមួយ ដែលគេមិនសូវចាប់អារម្មណ៍អស់រយៈពេលយូរមកហើយនេះ បានជួបនូវយុគមាសរបស់ខ្លួន ជាមួយនឹងកំណើនប្រជាសាស្រ្ត យានយន្ត និងការកកស្ទះចរាចរណ៍ជាហូរហែរ។
តើហេតុអ្វីបានជាទីក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យនៅតែរះឡើង? មានកត្តាសំខាន់ៗចំនួន៥ ដែលមិនគួរមើលរំលងឬបដិសេធបាន។
កំណើនប្រជាសាស្រ្ត
ដោយសារការរីកចម្រើនវិស័យសំណង់ កាស៊ីណូ សណ្ឋាគារ និងការធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃ បានធ្វើឲ្យទីក្រុងនេះទាក់ទាញប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ចូលទៅរស់នៅ ធ្វើការ និងប្រកបអាជីវកម្មក្នុងទឹកដីថៃ ពិសេសផ្សារ៉ងក្លឿ ដែលមានប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ បានចូលទៅលក់ទំនិញ ធ្វើការលក់កំលាំងពលកម្ម ពិសេសប្រជាពលរដ្ឋមួយចំនួនបានស្នាក់នៅក្នុងផ្សារតែម្តង។
ជាមួយនឹងកំណើននេះ បានធ្វើឲ្យទីក្រុងប៉ោយប៉ែត ក្លាជាទីក្រុងធំមួយ ក្នុងចំណោមទីក្រុងធំៗមួយចំនួន ដែលមានមនុស្សរស់នៅ រហូតដល់ជាង២០០,០០០នាក់ និងជនបរទេសរស់នៅប្រមាណ៣០,០០០នាក់។
ច្រកព្រំដែនដែលផ្លាស់ប្តូរទំនិញធំជាងគេនៅទូទាំងប្រទេស
ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត បាននិងកំពុងក្លាយជាមូលដ្ឋានឬច្រកព្រំដែន ដែលមានការផ្លាស់ប្តូរទំនិញ និងលំហូរពាណិជ្ជកម្ម ទេសចរណ៍ផ្នែកផ្លូវគោកធំជាងគេនៅកម្ពុជា។
កំណើននៃប្រជាពលរដ្ឋប្រចាំថ្ងៃ បានធ្វើឲ្យទំនិញផ្លាស់ប្តូរកាន់តែច្រើន ពិសេសរបស់របរប្រើប្រាស់ ជាក់ស្តែងលំហូរទំនិញឬការផ្លាស់ប្តូរពាណិជ្ជកម្ម ជាមួយប្រទេសថៃបានកើនឡើងដល់ទំហំទឹកប្រាក់ជាបន្តបន្ទាប់។
ជាក់ស្តែងបើតាមលោកអ៊ុំ រាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងកាលពីឆ្នាំ២០២៣ថា សម្រាប់ខេត្តបន្ទាយមានជ័យ អាចចំណូលបានចន្លោះពី១ ទៅ១,៥លានដុល្លារពីការផ្លាស់ប្តូរទំនិញ ជាមួយប្រទេសថៃក្នុងមួយថ្ងៃ។
គោលនយោបាយថៃបូក១
ការរីកចម្រើននៃឧស្សាហកម្ម បាននិងកំពុងក្លាយជាផ្នែកមួយ ជម្រុញការរីកចម្រើននៅខេត្តបន្ទាយមានជ័យ ពិសេសក្រុងប៉ោយប៉ែតផងដែរ។
តំបន់សេដ្ឋកិច្ចពិសេសជាច្រើន បានទាក់ទាញរោងចក្រ សហគ្រាសមកពីប្រទេសថៃ និងបណ្តាប្រទេសនានាជាច្រើនផងដែរ ដោយសារលក្ខខ័ណ្ឌអំណោយផល នៃទីតាំងភូមិសាស្រ្ត ភាពអនុគ្រោះលើលក្ខខ័ណ្ឌប្រាក់ចំណេញ និងការរួចពន្ឋលើការនាំចេញ និងនាំចូល ព្រមទាំងកំលាំងពលកម្មមានតម្លៃទាប ធៀបជាមួយប្រទេសថៃ។
គោលនយោបាយថៃបូក១ បានលើកទឹកចិត្តដល់ម្ចាស់រោងចក្រ សហគ្រាសនានា ដែលត្រូវការទីតាំងអំណោយផល កំលាំងពលកម្មតម្លៃទាប និងភាពអនុគ្រោះច្រើន ចូលមកវិនិយោគនៅកម្ពុជា និងនាំចេញទៅកាន់ទីផ្សារប្រទេសថៃផង នាំចេញទៅកាន់ទីផ្សារប្រទេសជាច្រើនទៀត ដូចជា ប្រទេសសមាជិកក្រុមប្រទេស ភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់(RCEP) ការអនុគ្រោះពន្ឋ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន កម្ពុជា កូរ៉េ កម្ពុជា អារ៉ាប់អេមីរ៉ាតជាដើម។
ការរីកចម្រើនវិស័យសំណង់ និងអចលនទ្រព្យ
បើគិតមកដល់ចុងឆ្នាំ២០២៤នេះ ក្រុងប៉ោយប៉ែតបានក្លាយជាទីក្រុងធំទី៣ ដែលមានអាគារកំពស់កប់ពពកច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
ជាក់ស្តែងយោងតាមរបាយការណ៍ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា គិតមកទល់ពេលនេះ ខេត្តបន្ទាយមានជ័យ សំដៅដល់ទីក្រុងប៉ោយប៉ែត និងទីក្រុងរបស់ទីរួមខេត្តនេះ មានសំណង់ចាប់ពីកំពស់៥ជាន់ ដល់ជាង៣០ជាន់ចំនួន២៤៩អគារ។
ចំនួននេះ មិនទាន់រាប់បញ្ចូលអាគារកាស៊ីណូ អាគារពាណិជ្ជកម្ម អាគារលំនៅដ្ឋាន និងសណ្ឋាគារ ដែលបាននិងកំពុងសាងសង់ទាំងយប់ទាំងថ្ងៃនៅឡើយទេ។
បច្ចុប្បន្នទីក្រុងនេះ មានកាស៊ីណូតូចធំសរុបចំនួន២០ និងកំពុងមានការកើនឡើងបន្ថែមទៀត នៅឆ្នាំ២០២៥ខាងមុខនេះ ជាមួយនឹងវត្តមាន សណ្ឋាគារអន្តរជាតិលំដាប់ផ្កាយ៥ និងវត្តមានហាង ផ្សាររាត្រី ភោជនីយដ្ឋានល្បីៗជាច្រើនទៀត។
កំណើននការរីកចម្រើនវិស័យសំណង់ បាននិងកំពុងទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិ កាន់តែច្រើនមកកាន់ទីក្រុងនេះ ពិសេសលំហូរប្រជាពលរដ្ឋ មករស់នៅទីក្រុងនេះ អាចកើនដល់៣០០,០០០នាក់នៅឆ្នាំ២០៣០ខាងមុខ ដែលទាមទារឲ្យរដ្ឋាភិបាលគិតគូរពីបញ្ហាប្រឈមចំនួន៣ ដែលកំពុងជាប់គាំងនៅទីក្រុងនេះ ដូចជា បញ្ហាទឹកស្អាត បញ្ហាថាមពលអគ្គិសនី និងបញ្ហាផ្លូវក្នុងទីក្រុងនេះ ដែលត្រូវការពង្រីក និងកែលំអរបន្ថែមទៀត៕
វិភាគដោយលោកយិន លាងគង់សហស្ថាបនិកអគ្គនាយ ក គេហទំព័រPropertyarea.asia &Cambodiafinancialtimes.com៕