ស្ថាប័នមីក្រូហិរញ្ញវត្ថុចំនួនបួននឹងក្លាយជាធនាគារនៅឆ្នាំ២០២៥ ខណៈឥណទានមានបញ្ហាកើនឡើ់ង

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោកជំទាវឌិត នីតា បានថ្លែងឲ្យដឹងថា នៅឆ្នាំ២០២៥ខាងមុខ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗចំនួនបួន នឹងវិវត្តន៍ខ្លួនជាធនាគារ។

         លោកជំទាវបានមានប្រសាសន៍ ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ក្រោយពេលគ្រឹះស្ថានទាំងបួន វិវត្តន៍ខ្លួនជាធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា នឹងលែងទទួលប្រាក់បញ្ញើរហើ​យ ស្ថាប័នទាំងអស់នឹងដើរតួនាទី ត្រឹមជាអ្នកផ្តល់ឥណទានប៉ុណ្ណោះ។

លោកជំទាវបន្តថា “គ្រឹះស្ថានដែលនឹងវិវត្តន៍ខ្លួនជាធនាគា​របានគ្របដំណ្តប់ចំណែកធំ នៃការផ្តល់ឥណទាននៅកម្ពុជា ដែលធ្វើឲ្យមីក្រូហិរញ្ញវត្ថុតូចៗ មិនអាចផ្តល់សេវាកម្មទទួលប្រា​ក់បញ្ញើរនោះទេ”។

         លោកជំទាវបានបន្តទៀតថា ស្របពេលស្ថានភាពសេដ្ឋកិច្ចមានសភាពដូចបច្ចុប្បន្ននេះ ចំនួនឥណទានដែលសងត្រ​លប់មិនទាន់ក្នុងរយៈពេល៣០ថ្ងៃ បានកើនឡើងជាង៨ភាគរយហើយរហូតមកទល់ពេលនេះ ដែលវាជាបញ្ហាប្រឈមមួយ ហេតុនេះសមាគមបាន និងកំពុងធ្វើការជាមួយអាជ្ញាធរមូលដ្ឋាននៅខេត្តចំនួន៤ ដើម្បីឲ្យពួកគាត់ចូលរួមអប់រំនិងផ្សព្វផ្សា​យប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន អំពីចំណេះដឹងទាក់ទងនឹងការប្រើប្រាស់ហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ និងមានសុវត្ថិភាព៕