ដោយៈ គង់ សូរិយា
ភ្នំពេញៈ អង្គការតុកកែញញឹម សហការជាមួយក្រសួងទេសចរណ៍ បានសម្រេចបង្កើតកម្មវិធីសិក្សាថ្មីមួយ ដល់សាលាវិជ្ជាជីវៈរបស់ក្រសួង។
ការសម្រេចនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយ លោក Prof. Dr. Max Gasssmann សមាជិកក្រុមប្រឹក្សាភិបាលអង្គការតុកកែញញឹម (Smiling Gecko)។
ថ្នាក់ដឹកនាំអង្គការខាងលើ បានស្នើសុំអនុសាសន៍ និងរាយការណ៍អំពីសកម្មភាព និងសមិទ្ធផលការងាររបស់អង្គការកន្លងមក ព្រមទាំងស្នើសុំការគាំទ្រ របស់លោករដ្ឋមន្រ្តី លើគម្រោងវគ្គបណ្តុះបណ្តាល មុខជំនាញបដិសណ្ឋារកិច្ចកម្រិតខ្ពស់។
ជាលទ្ធផលនៃកិច្ចជំនួបនេះ លោករដ្ឋមន្ត្រី បានកោតសរសើរវាយតម្លៃខ្ពស់ និងគាំទ្រ ចំពោះការចូលរួមចំណែករបស់អង្គការ ក្នុងការជួយផ្តល់នូវការបណ្តុះបណ្តាល ជំនាញបដិសណ្ឋារកិច្ច កម្រិតខ្ពស់ដល់យុវជនកម្ពុជា និងឯកភាពឱ្យពិនិត្យលទ្ធភាពចុះអនុស្សរណៈ នៃការយោគយល់រវាងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈក្រសួងទេសចរណ៍ ជាមួយសាកលវិទ្យាល័យ Zurich (UZH) និងសាកលវិទ្យាល័យ The University of Applied Science (ZHAW)។
ភាគីទាំងពីរបានឯកភាពសហការគ្នា ផ្តល់នូវកម្មវិធីសិក្សាថ្មីមួយបែបទៀត ដល់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈក្រសួងទេសចរណ៍ ដើម្បីផ្សារភ្ជាប់នូវគុណភាព និងលើកកម្ពស់សមត្ថភាព តាមរយៈការផ្តល់យោបល់ ពីសាកលវិទ្យាល័យ Zurich (UZH) ទន្ទឹមនឹងនេះ អង្គការនឹងផ្តល់ឱកាសសម្រាប់ការផ្លាស់ប្តូរគ្រូពីក្រៅប្រទេស ដើម្បីចែករំលែកនូវបទពិសោធ និងចំណេះដឹងថ្មីៗ សម្រាប់បណ្តុះបណ្តាលនិស្សិត ដែលកំពុងសិក្សានៅសាលា បណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងទេសចរណ៍ និងជាឱកាស ក្នុងការដកស្រង់បទពិសោធផ្ទាល់ នៅតាមរីស៊តរបស់អង្គការ (Smiling Gecko)៕