កម្ពុជាជម្រុញឲ្យគ្រឹះស្ថានហិរញ្ញវត្ថុនានា ដល់ម្ចាស់អាជីវកម្មស្របច្បាប់នៅកម្ពុជា

        ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ ធនាគារ​ជាតិ​នៃ​កម្ពុជា និង​ក្រសួង​ពាណិជ្ជកម្ម កាល​ពី​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​ ដោយ​ប្រាប់​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំង​អស់​ចូល​រួម​សហការ​សម្រប​សម្រួល​ ក្នុង​ការ​បង្កើត​គណនី​ធនាគារ​ជា​ប្រាក់​រៀល​ជូន​ ដល់​គ្រប់​អាជីវកម្ម​ ដែល​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ប្រទេស​កម្ពុជា។

សេចក្តី​ជូន​ដំណឹង​បាន​លើក​ឡើង​ថា ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តីពី ​សហគ្រាស​ពាណិជ្ជកម្ម និង​ការ​លើក​កម្ពស់​ការ​ប្រើប្រាស់​ប្រាក់រៀល ​ក្នុង​វិស័យ​ធុរកិច្ច ក៏​ដូចជា​ចូលរួម​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ ស្រប​តាម​ក្របខណ្ឌ​គោល​នយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥ និង​មុំទី​៥ នៃ​បញ្ចកោណ​ទី៣ របស់​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់​កាល​ទី១ របស់​រាជរដ្ឋាភិបាល នីតិ​កាល​ទី៧ ធនាគារ​ជាតិ​នៃ​កម្ពុជា និង​ក្រសួង​ពាណិជ្ជកម្ម សូម​ស្នើ​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំង​អស់ ចូល​រួម​សហការ​សម្របសម្រួល ​ក្នុង​ការ​បង្កើត​គណនី​ធនាគារ​ជា​ប្រាក់រៀល ជូន​គ្រប់​អាជីវកម្ម​ដែល​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​កម្ពុជា​។

សេចក្តី​ជូន​ដំណឹងដដែល​បាន​បញ្ជាក់​ថា “​ការ​ប្រើប្រាស់​ប្រាក់​រៀល​មាន​សារៈ​សំខាន់ ​ក្នុង​ការ​ពង្រឹង​ប្រសិទ្ធភាព​ការ​អនុវត្ត​នយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច​ជាតិ ជា​ពិសេស​ក្នុង​ការ​រក្សា​ស្ថិរភាព​ថ្លៃ​នៅ​ក្នុង​ទីផ្សារ កាត់​បន្ថយ​ចំណាយ​ប្រតិបត្តិ​ការ​ដុល្លារូបនីយកម្ម គាំទ្រ​ការ​នាំចេញ និង​ការ​វិនិយោគ គរពូន​ទុន​បម្រុង​អន្តរជាតិ បង្កើន​សុខុមាល​ភាព​សង្គម ទទួល​ចំណូល​ពី​ការ​បោះពុម្ព​ក្រដាស​ប្រាក់ ព្រម​ទាំង​ពង្រឹង​អត្តសញ្ញាណ​ជាតិ និង​អធិប​តេយ្យ​ជាតិជាដើម”។

អនុ​ប្រធាន​សមាគម​ពាណិជ្ជកម្ម​កម្ពុជា-ចិន លោក ឡោ វិចិត្រ Lor Vichet, vice-president of the Cambodia Chinese Commerce Association (CCCA), បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​ចរាចរណ៍​ប្រាក់​ដុល្លារ​អាមេរិក ​នៅ​ក្នុង​ចរន្ត​សេដ្ឋកិច្ច​កម្ពុជា​គឺ​មាន​ប្រមាណ ៣/៤​នៃ​ទំហំ​សេដ្ឋកិច្ច​ទាំង​មូល។

លោកបន្តថា ការ​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ​ច្រើន គឺ​វា​អាច​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ជាតិ​បញ្ហា​ច្រើន ជា​ពិសេស​នៅ​ពេល​ធនាគារ​កណ្តាល​អាមេរិក ​ដំឡើង​អត្រា​ការ​ប្រាក់​ដុល្លារ ដោយ​ពេល​នោះ​វា​នឹង​ទាញ​ឱ្យ​អត្រា​ការ​ប្រាក់​កម្ចី​ កើន​ឡើង។

លោក​ថ្លែង​ថា ចំនួន​ប្រាក់​ដុល្លារ​ច្រើន​នៅ​ក្នុង​សេដ្ឋកិច្ច គឺ​វា​ធ្វើ​ឱ្យ​មាន​សម្ពាធ​ច្រើន​ ទៅ​លើ​សេដ្ឋកិច្ច​ជាតិ​កម្ពុជា ជា​ពិសេស​នៅ​ពេល​ធនាគារ​កណ្តាល​អាមេរិក​ ដំឡើង​អត្រា​ការ​ប្រាក់ ដោយ​វា​អាច​ធ្វើ​ឱ្យ​ថ្លៃដើម ​ផលិត​នៅ​កម្ពុជា​កាន់​តែ​ខ្ពស់។ ថ្លៃដើម​ផលិត​កើន​ឡើង វា​នឹង​ធ្វើ​ឱ្យ​សមត្ថភាព​ប្រកួត​ប្រែង​ជួប​បញ្ហា​កាន់​តែ​ច្រើន ជា​ពិសេស​ផលិត​នាំ​ចេញ ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ។

លោកឡោ វិចិត្របាន​បន្ត​ថា ​វិធាន​ការ​ក្នុង​ការ​បង្កើត​គណនី​ជា​ប្រាក់​រៀល ​ឱ្យ​គ្រប់​អាជីវកម្ម​ស្រប​ច្បាប់​ នឹង​ធ្វើ​ឱ្យ​វិធីសាស្រ្ត​ក្នុង​ការ​ទូទាត់ ​មាន​ជម្រើស​ច្រើន​ជាង​មុន ហើយ​ក៏​នឹង​ជួយ​រុញ​ឱ្យ​ចរន្ត ​នៃ​លំហូរ​ប្រាក់​រៀល​ មាន​កាន់​តែ​ច្រើន​ផងដែរ។

ទាក់​ទង​នឹង​ការ​វិនិយោគ​បរទេស អ្នកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបាន​និយាយ​ថា ​“ខ្ញុំ​គិត​ថា ការ​ប្រើប្រាស់​ប្រាក់​រៀល គឺ​នឹង​មិន​ធ្វើ​ឱ្យ​បាត់​បង់​ផល​ប្រយោ​ជន៍​ ទៅ​ដល់​ក្រុមហ៊ុន ឬ​សហគ្រាស​ឡើយ៕